ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
តាមរយៈសារនៅលើបណ្តាញសង្គម នាថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណចំពោះសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានបង្ហាញនៅឆន្ទៈជាវិជ្ជមានទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាពេលនេះគឺបង្ហាញអំពីឆន្ទៈក្នុងការចូលរួម ក្នុងស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា។
គួរេម្លឹកថា នៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលឲ្សមាគមទាំងពីរ «ពិនិត្យលទ្ធភាពក្នុងការ ជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ ប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នក ដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។
ក្នុងនោះ គ្រឹះស្ថានសមាជិកនៃសមាគមទាំងពីរ នឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុ សម្រាប់ប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគមបាននិងបន្តអនុវត្ត។
ក្នុងករណីមានតម្រូវការជាក់ស្តែងក្នុងរៀបចំឥណទានឡើងវិញ ក៏ដូចជាសំណើសុំផ្តល់ការគាំទ្រផ្សេងៗ សមាគមស្នើសុំប្រជាពលករទាំងអស់ដែលជាអតិថិជនទាក់ទងផ្ទាល់ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ ឯកសារឥណទាន បណ្ណ/សៀវភៅការងារ និងលិខិតពាក់ព័ន្ធនានា ដើម្បីពិភាក្សារិះរកដំណោះស្រាយដ៏សមរម្យ។
សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថាគ្រឹះស្ថានហិរញ្ញវត្ថុ នៅតែចូលរួមយ៉ាងពេញលេញនិងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុល បង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាល៕
អត្ថបទ៖ សន រដ្ឋា រូបភាព៖ ឯកសារ