ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឥស្សរជន ថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ សប្បុរសជន មន្ត្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា បានទទួលព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត រៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សាថ្វាយព្រះអង្គ។
ពិធីជួបជុំនេះ មានការយាង និងនិមន្តពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ-ព្រះតេជគុណព្រះសង្ឃ សរុប ៩០អង្គ ចម្រើនព្រះបរិត្ត និងនិមន្តគោចរបិណ្ឌបាត្រ ជាកិច្ចចម្រើនព្រះជន្មវស្សា ស្របតាមព្រះរាជប្បវេណី និងតាមគន្លងព្រះពុទ្ធសាសនា ដែលពិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
អត្ថបទ៖ ហ៊ុន ឌីណូ រូបភាព៖ សុខ ពិសិដ្ឋ