ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥

ក្រុមហ៊ុនធំមួយរបស់ម៉ាទ្បេស៊ី បង្ហាញបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូនៅកម្ពុជា

២៧ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនដ៏ធំមួយរបស់ម៉ាឡេស៊ី មានបំណងវិនិយោគបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជា។ ក្នុងជំនួបពិភាក្សាការងាររវាង លោក Hoo Wan Tim អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. របស់ម៉ាឡេស៊ី បានបង្ហាញពីបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជា។

 


ក្នុងឱកាសនោះ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពី ស្ថានភាពគម្រោងផ្គុំដំទ្បើងទោចក្រយានយន្តមួយចំនួន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងរបបលើកទឹកចិត្តដល់គម្រោងវិនិយោគផ្គុំ និងដំទ្បើងទោចក្រយានយន្តនៅកម្ពុជាផងដែរ។ លើសពីនេះ សក្តានុពលវិនិយោគក្នុងវិស័យមួយចំនួនផ្សេងទៀត ដូចជា វិស័យកសិ-ឧស្សាហកម្ម ការផលិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងបង្គុំអគ្គិសនី ដែលជាកន្សោមឧស្សាហកម្មដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការផលិតគ្រឿងសង្ហារិម ដែលក្រុមហ៊ុនអាចគិតគូរពិចារណាបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

 


ជាការឆ្លើយតប អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ូតូម៉ាក Yamaha នៅប្រទេសម៉ាទ្បេស៊ី តាំងពី ឆ្នាំ១៩៧៩ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Leong Group ដែលមានសកម្មភាពអាជីវកម្ម ក្នុងវិស័យជាច្រើន ដូចជា ហិរញ្ញវត្ថុ កម្មន្តសាល ការអភិវឌ្ឍអចលនទ្រព្យ និងបដិសណ្ឋារកិច្ច។

 

 

ជាមួយគ្នានេះ ក្រុមហ៊ុន ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា បានបណ្តាក់ទុនវិនិយោគបង្កើតធនាគារឈ្មោះ Hong Leong Bank (Cambodia) Plc ដែលបានចាប់ផ្តើមដំណើរការតាំងពី ឆ្នាំ២០១៣ ខណ:នៅពេលនេះ ក្រុមហ៊ុន មានបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជាបន្ថែមផងដែរ។ 

 


សូមជម្រាបថា យោងតាមសម្តេចមហាបវរធិបតី បានបញ្ជាក់នៅលើហ្វេសប៊ុកថា កម្ពុជា មានរោងចក្រតំឡើងម៉ូតូមួយកន្លែង មានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានសមត្ថភាពតំឡើងម៉ូតូរហូតដល់ ១៥០០គ្រឿង ក្នុងមួយថ្ងៃ ដើម្បីចែកចាយទីផ្សារនៅកម្ពុជា និងនៅក្រៅប្រទេស។

 

 

ក្នុងនោះ រោងចក្របានប្រើប្រាស់បុគ្គលិកខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនយ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិក កម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025