ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
សហរដ្ឋអាមេរិក និងប្រទេសវៀតណាម បង្កើនកិច្ចសហការបន្ថែមទៀត ទៅលើពាណិជ្ជកម្មលើ ឈើ និងគ្រឿងសង្ហារឹម ដែលសម្រេចបានប្រមាណ ៩ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៤ កើនឡើង ២៤%។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។ វៀតណាម កំពុងក្លាយជាអ្នកផ្គត់ផ្គង់ឈើ និងផលិតផលឈើឈានមុខគេមួយទៅកាន់ សហរដ្ឋអាមេរិក ក៏ដូចជាអ្នកនាំចូលឈើពីអាមេរិកផងដែរ នេះបើយោងតាមការបញ្ជាក់នៅក្នុងជំនួបរវាង រដ្ឋបាលព្រៃឈើវៀតណាម ក្រោមក្រសួងកសិកម្មនិងបរិស្ថាន អង្គការនិន្នាការព្រៃឈើ រួមទាំងសមាគមនិងម្ចាស់អាជីវកម្មឈើជាច្រើន។
អគ្គលេខាធិកាសមាគមឈើ និងផលិតផលព្រៃឈើវៀតណាម បានលើកឡើងថា ការនាំចេញឈើ និងផលិតផលឈើរបស់វៀតណាម ទៅកាន់ សហរដ្ឋអាមេរិកបានឈានដល់ ៩ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺកើនឡើង ២៤%។បច្ចុប្បន្ន សហរដ្ឋអាមេរិកគឺជាទីផ្សារធំជាងគេ ដោយប្រើប្រាស់ ៥៥% នៃការនាំចេញឈើ និងផលិតផលឈើសរុបរបស់វៀតណាម បន្ទាប់មកគឺប្រទេសចិន ១២% ជប៉ុន ១១% កូរ៉េខាងត្បូង ៥% និងសហភាពអឺរ៉ុប ៤%។ការនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក រួមមាន គ្រឿងសង្ហារឹមឈើ បន្ទះឈើ ទ្វារឈើ និងផលិតផលឈើ។
ផ្ទុយទៅវិញ វៀតណាមបាននាំចូលឈើ និងផលិតផលឈើមានតម្លៃ ៣១៦លានដុល្លារពី សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២៤ កើនឡើង ៣៣% ធៀបនឹងឆ្នាំ ២០២៣ ដែលស្មើនឹង ១១% នៃការនាំចូលឈើ និងផលិតផលឈើសរុបរបស់ប្រទេសវៀតណាម។សូមជម្រាបថា ពាណិជ្ជកម្មឈើរវាងវៀតណាម និងអាមេរិក មិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ក្នុងតម្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវអត្ថប្រយោជន៍បន្ថែមទៀត អ្នកប្រើប្រាស់អាមេរិក រីករាយនឹងជម្រើសកាន់តែច្រើន សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងស្របតាមច្បាប់៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ