ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥

សម្ភារៈប្រើប្រាស់របស់ព្រះនាងដាយអាណាត្រូវបានដាក់លក់ដេញថ្លៃនៅទីក្រុងឡូសអេនជឺឡិស

៣០ មិថុនា ២០២៥ | កម្សាន្ដ

សម្ភារៈប្រើប្រាស់របស់ព្រះនាងដាយអាណារបស់ចក្រភពអង់គ្លេសដូចជាសម្លៀកបំពាក់ និងមួកជាដើមត្រូវបានដាក់លក់ដេញថ្លៃនៅទីក្រុងឡូសអេនជឺឡិស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។

 

 

ព្រះនាងដាយអាណា (Diana) របស់ចក្រភពអង់គ្លេសបានចូលទិវង្គតជាយូរឆ្នាំមកហើយដោយបន្សល់ទុកនូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដ៏ទំនើបៗជាច្រើនដូចជាសម្លៀកបំពាក់ មួក កាបូបដៃ និងទ្រនាប់ជើងព្រមទាំងសម្ភារៈមួយចំនួនទៀតផងដែរ។

 

 

កាលពីថ្ងៃទី២៦ ខែមិថុនា ក្រុមហ៊ុនផ្នែកលក់ដេញថ្លៃជូលៀនអកសិន (Julien’s Auctions) បានធ្វើការលក់ដេញថ្លៃនូវសម្ភារៈរបស់ព្រះនាងដាយអាណាសរុបប្រហែល១០០មុខនៅទីក្រុងឡូសអេនជឺឡិស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ 

 

 

ថ្លែងនៅកន្លែងតាំងពិព័រណ៍សម្ភារៈទាំងអស់នេះនៅក្នុងទីក្រុងញូវព្រិក (Newbridge) ប្រទេសអៀរឡង់ លោក ម៉ាទីន ណូឡាន (Martin Nolan) នាយកប្រតិបត្តិក្រុមហ៊ុនខាងលើនេះបានប្រាប់រ៉យទ័រថា នេះគឺជាការលក់ដេញថ្លៃសម្ភារៈប្រើប្រាស់របស់ព្រះនាង Diana ដ៏ធំបំផុតមិនធ្លាប់មានដោយសារក្រុមហ៊ុននេះមានសម្ភារៈជាង១០០មុខដែលបន្សល់ទុកពីខ្សែជីវិតដ៏អស្ចារ្យរបស់ព្រះនាងដើម្បីរៃអង្គាសប្រាក់សម្រាប់កម្មវិធីសប្បុរសធម៌របស់ព្រះនាង។

 

 

ក្នុងចំណោមសម្ភារៈទាំងនេះ រ៉ូបសូត្ររូបផ្កាផលិតនៅឆ្នាំ១៩៨៨ដែលព្រះនាង Diana តែងតែពាក់វានៅពេលទៅលេងមន្ទីរពេទ្យនោះត្រូវបានគេរំពឹងថានឹងអាចលក់បានក្នុងតម្លៃប្រហែល២៥ម៉ឺនដុល្លារ រីឯរ៉ូបដ៏ស្រស់ស្អាតមួយទៀតដែលផលិតនៅឆ្នាំ១៩៨៦អាចលក់បានតម្លៃប្រហាក់ប្រហែលគ្នានេះដែរ។

 

 

ចំណែកឈុតផ្កាពណ៌លឿងដែលព្រះនាងបានពាក់សម្រាប់ព្រះរាជពិធីរ៉ូយ៉ាល់អាស្កត (Royal Ascot) នៅក្នុងឆ្នាំ១៩៨៧ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល១៥ម៉ឺនដុល្លារ៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025