ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
តារាសម្ដែងហូលីវូដល្បីៗពីភាពយន្តដាយណូស័រវគ្គថ្មីមានចំណងជើងថា 'Jurassic World: Rebirth' បានបង្ហាញខ្លួនជុំគ្នាម្ដងទៀតក្នុងពិធីសម្ពោធនៅញូវយ៉ក សហរដ្ឋអាមេរិក។
តារាសម្តែងអាមេរិក Scarlett Johansson និងតារាសម្តែងឈ្នះពានរង្វាន់អូស្ការ Mahershala Ali ស្ថិតក្នុងចំណោមតារាល្បីជាច្រើនដែលបានចូលរួមក្នុងពិធីសម្ពោធបញ្ចាំងភាពយន្ត "Jurassic World: Rebirth" នៅញូវយ៉កកាលពីថ្ងៃទី២៣ ខែ មិថុនា។
ដឹកនាំដោយលោក Gareth Edwards ភាពយន្ត "Jurassic World: Rebirth" មិនមានសាច់រឿងពាក់ព័ន្ធនឹងភាពយន្តពិភពដាយណូស័រ "Jurassic World” វគ្គមុនៗនោះទេ ប៉ុន្តែនឹងនិយាយពីរឿងរ៉ាវរបស់តួអង្គថ្មីមួយក្រុមនាំមុខដោយតារាស្រី Scarlett Johansson និងតារាប្រុស Jonathan Bailey ដោយពួកគេត្រូវបំពេញបេសកកម្មលើកោះហាមឃាត់ ដើម្បីតាមរកគំរូ DNA ពីដាយណូស័រ ៣ ប្រភេទដើម្បីយកមកធ្វើជាថ្នាំសង្គ្រោះជីវិតមនុស្ស។
ភាពយន្តនេះត្រូវបានចេញបញ្ចាំងរយៈពេល៣ឆ្នាំបន្ទាប់ពីវគ្គមុនគឺរឿង Jurassic World Dominion ដែលមានតារាសម្ដែង Chris Pratt ជាតួឯកបានចេញកាលពីឆ្នាំ២០២២ និងរកចំណូលពីការលក់សំបុត្របានដល់ ១ ពាន់លានដុល្លារ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងកម្មវិធីសម្ពោធនេះ តារាសម្ដែង Jonathan Bailey បាននិយាយថា ភាពយន្តនេះនឹងជាឱកាសពិសេសសម្រាប់សមាជិកគ្រួសារគ្រប់ជំនាន់មកទស្សនាជាមួយគ្នា ជាពិសេសសម្រាប់អ្នកគាំទ្រសែស្រឡាយភាពយន្តពិភពដាយណូស័រ Jurassic World ជាង ៣០ឆ្នាំកន្លងមក។
អ្នកដឹកនាំរឿងលោក Gareth Edwards ក៏ស្ថិតក្នុងចំណោមអ្នកចូលរួមកម្មវិធីសម្ពោធនៅញូវយ៉កនេះដែរ ព្រមជាមួយតារាសម្ដែងផ្សេងៗទៀតដូចជា Rupert Friend, Ed Skrein, Luna Blaise, Bechir Sylvain និង Audrina Miranda។សូមបញ្ជាក់ថា ភាពយន្ត "Jurassic World: Rebirth" នឹងចាក់បញ្ចាំងនៅរោងកុនចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនៅថ្ងៃទី ២ ខែកក្កដា ៕
ប្រែសម្រួល៖ វ៉ាន់ថន