ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥

កំពូលតារាហូលីវូដ Tom Cruise នឹងទទួលបានពានរង្វាន់កិត្តិយសពីអូស្កា

១៩ មិថុនា ២០២៥ | កម្សាន្ដ

 


ស្ថាប័ន Academy ដែលជាអ្នករៀបចំកម្មវិធីពានរង្វាន់ Oscar បាននិយាយកាលពីថ្ងៃទី១៧ ខែមិថុនាថា តារាភាពយន្ត Tom Cruise ព្រមទាំងតារាចម្រៀង និងសម្តែង Dolly Parton ស្ថិតក្នុងចំណោមកំពូលតារាជើងចាស់ដែលត្រូវបានជ្រើសរើសឱ្យទទួលបានពានរង្វាន់អូស្ការកិត្តិយសនៅឆ្នាំនេះសម្រាប់សមិទ្ធិផលការងារពេញមួយជីវិត។

 


តារាសម្តែង និងអ្នករចនាក្បាច់រាំ Debbie Allen ព្រមទាំងអ្នករចនាឆាក Wynn Thomas ក៏ត្រូវបានជ្រើសរើសសម្រាប់ការទទួលស្គាល់ដោយក្រុមប្រឹក្សាភិបាលស្ថាប័ន Academy។ សិល្បករដែលមានឈ្មោះខាងលើនេះនឹងទទួលបានពានរង្វាន់ក្នុងកម្មវិធី Governors Awards ដែលរៀបចំក្នុងខែវិច្ឆិកាខាងមុខនេះ។

 


តារាសម្ដែង Tom Cruise ដែលថ្មីៗនេះបានបង្ហាញមុខក្នុងភាពយន្ត "Mission: Impossible - The Final Reckoning" ត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់នេះសម្រាប់ការងារជាច្រើនទសវត្សរ៍របស់លោកនៅក្នុងភាពយន្ត "Risky Business" ភាពយន្ត "Top Gun" ចំនួនពីរ និងខ្សែភាពយន្តជាច្រើនទៀត។ 

 


ប្រធានស្ថាប័ន Academy គឺអ្នកស្រី Janet Yang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការប្តេជ្ញាចិត្តមិនគួរឱ្យជឿរបស់ Tom Cruise ចំពោះសហគមន៍ផលិតកុន ចំពោះទស្សនិកជន និងចំពោះក្រុមការងារ Stunt គឺជាការជំរុញទឹកចិត្តសម្រាប់មនុស្សគ្រប់គ្នា" ។

 


ចំណែកតារាស្រី Dolly Parton នឹងទទួលបានពានរង្វាន់មនុស្សធម៌ Jean Hersholt សម្រាប់កិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់អ្នកស្រី។ ជាតួយ៉ាង បណ្ណាល័យនៃក្តីស្រមៃរបស់អ្នកស្រី Parton បានផ្តល់សៀវភៅឥតគិតថ្លៃជាង ២៨៤ លានក្បាលដល់កុមារ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក។ អ្នកស្រីធ្លាប់បានទទួលពានរង្វាន់អូស្ការចំនួនពីរសម្រាប់បទចម្រៀងល្អបំផុតសម្រាប់ខ្សែភាពយន្ត " 9 to 5" និង "Transamerica" ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025