ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥

នំប៉័ងសាច់ក្រកសិប្បនិម្មិតត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស

១៦ មិថុនា ២០២៥ | កម្សាន្ដ

វាជារឿងគួរឱ្យចម្លែកដែលសារមន្ទីរមួយកន្លែងនៅក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសបានតាំងបង្ហាញនំប៉័ងសាច់ក្រកក្រេក (Greggs) ដ៏ពេញនិយមនៅក្នុងចំណោមប្រជាជនអង់គ្លេស។

 


ថ្មីៗនេះ សារមន្ទីរក្រមួនម៉ាដាមធឹសសូដ (Madame Tussauds) និងហាងដុតនំក្រេក (Greggs) បានសហការគ្នាដើម្បីបង្កើតនំប៉័ងសាច់ក្រកសិប្បនិម្មិតក្រេក ដែលជាអាហារសម្រន់ដ៏ពេញនិយមបំផុតរបស់ជនជាតិអង់គ្លេស ហើយតាំងបង្ហាញវានៅក្នុងសារមន្ទីរនេះនៅក្នុងទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេសសម្រាប់រយៈពេលពេញមួយខែមិថុនានេះ។

 


រូបភាពបានបង្ហាញអំពីបុរសម្នាក់កំពុងកាន់ឧបករណ៍វាស់ម្យ៉ាងដើម្បីធ្វើការវាស់វែងលើនំប៉័ងសាច់ក្រកក្រេកនេះ ការលាបថ្នាំពណ៌លើអាហារមួយនេះ និងប្រអប់កញ្ចក់មួយដែលមាននំប៉័ងសាច់ក្រកក្រេកនៅលើខ្នើយពណ៌ខៀវនៅក្នុងនោះ។

 


សារមន្ទីរដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញចំពោះការដាក់តាំងរូបក្រមួនរបស់តារាល្បីៗ ខ្សែស្រឡារាជវង្ស និងអ្នកល្បីល្បាញផ្សេងទៀតនោះបាននិយាយថា នេះគឺជានំប៉័ងសាច់ក្រកសិប្បនិម្មិតលើកដំបូងហើយដែលត្រូវបានតាំងបង្ហាញសម្រាប់ភាពល្បីល្បាញនៅក្នុងសារមន្ទីរក្រមួនមួយនេះ។ 

 


សារមន្ទីរនេះបាននិយាយថា ក្រុមសិល្បកររបស់សារមន្ទីរនេះបានសិក្សាអំពីសាច់ក្រករាប់សិបដុំនៅតាមហាងដុតនំនៅចក្រភពអង់គ្លេស និងខ្សែច្រវាក់អាហារទាន់ចិត្តក្រេកសម្រាប់ការងារមួយនេះ។ 

 


លោក អាដាម ផាឡុកស៊ី (Adam Paloczy) ជាជាងចម្លាក់បាននិយាយថា គាត់បានសម្រេចចិត្តប្រើបច្ចេកទេសបុរាណជាអ្វីមួយដែលសារមន្ទីរម៉ាដាមធូសូដធ្លាប់ប្រើវាកាលពី២០០ឆ្នាំមុនសម្រាប់ការវាស់វែងនំប៉័ងសាច់ក្រកនេះ។ ដូច្នេះជំហានដំបូងគឺគាត់បានអង្គុយ ហើយវាស់វា បន្ទាប់មកគាត់បានថតរូបទុកមើលជាគម្រូ ហើយចុងក្រោយគាត់បានប្រើដីឥដ្ឋដើម្បីឆ្លាក់រូបនំមួយនេះ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025