ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥
អាឡាណា.បេប៊ី (Alana Babys) ជាក្រុមហ៊ុនបង្កើតឡើងកាលពីឆ្នាំ២០០៧ដោយសិល្បករឈ្មោះអាឡាណា (Alana Nascimento)។ បច្ចុប្បន្ន នៅពេលគេនិយាយអំពីតុក្តតាជ័រដែលរចនាមានរូបរាងដូចទារក ឬបេប៊ី.ដល (baby doll) គេនឹងនឹកឃើញដល់ក្រុមហ៊ុននេះភ្លាមមួយរំពេច។
ក្រុមហ៊ុននេះមានទីស្នាក់ការនៅទីក្រុងកាំពីណាស់ (Campinas) បើគិតពីចម្ងាយផ្លូវធ្វើដំណើរប្រហែល២ម៉ោងពីទីក្រុងសៅប៉ូឡូនៃប្រទេសប្រេស៊ីល។ ក្រុមហ៊ុនអាឡាណា.បេប៊ី (Alana Babys)ដែលមានបុគ្គលិកជំនាញជាង១៥នាក់អាចលក់កូនង៉ែតជ័រនេះបានចន្លោះពី៣០ទៅ៤០គ្រឿងក្នុង១ខែៗ។
ដោយសារប្រើប្រាស់បច្ចេកទេសយ៉ាងផ្ចិតផ្ចង់ ផលិតផលទាំងនេះទាក់ទាញអារម្មណ៍របស់មនុស្សព្រោះវាមានរូបរាងដូចទារកមែនទែនពិតៗតាំងពីទម្រង់មុខ រហូតដល់ស្បែក និងសក់។ កូនង៉ែតជ័រទាំងនេះមានលក្ខណៈពិសេសទាំងផ្នែកសិល្បៈ និងការលំហែចិត្ត។
កូនង៉ែតនីមួយផលិតឡើងដោយដៃ និងដោយអ្នកជំនាញខាងសិល្បៈដើម្បីកែច្នៃឲ្យមានលក្ខណៈដូចមនុស្សមែនទែនទាំងទម្ងន់ ភិនភាគខាងក្រៅ និងអារម្មណ៍ប្រៀបដូចកូនង៉ែតពិតៗ។
តុក្កតាប្រភេទនេះអាចប្រើប្រាស់ជាប្រយោជន៍សម្រាប់ការរក្សាទុកជាវត្ថុដាក់តាំងផ្ទាល់ខ្លួន ជារបស់សម្រាប់ព្យាបាលទុក្ខព្រួយ ជារបស់សម្រាប់ឪពុកម្ដាយចាប់កាន់ដូចជាកូនរបស់ខ្លួន និងសម្រាប់ទុកជាស្នាដៃសិល្បៈ។
ប្រជាប្រិយភាពរបស់កូនង៉ែតជ័រចាប់ផ្ដើមល្បីសុះសាយដល់រដ្ឋសភាប្រទេសប្រេស៊ីល (Chamber of Deputies)។ កាលពីថ្ងៃទី២០ ខែឧសភា អ្នកតំណាងរាស្ត្រមួយរូបឈ្មោះប៉ាស្ទ័រ.សាហ្គេនតូ.អ៊ីស៊ីដូរីយ៉ូ (Pastor Sargento Isidorio) បានចាប់បីតុក្កតានេះនៅពេលគាត់ឡើងថ្លែងចំណាប់អារម្មណ៍នៅក្នុងសភា។
គាត់ថ្លែងថាការចាប់បីកូនង៉ែតប្រភេទនេះមិនមែនជាអំពើបាបទេ។ លោកសង្កត់ធ្ងន់ថាដរាបណាការចាប់បីទារកប្រភេទនេះមិនប៉ះពាល់សុខភាពសាធារណៈ ឬស្ថាប័នរបស់សាសនា ដរាបនោះមនុស្សគ្រប់រូបអាចធ្វើដូច្នេះដោយសេរីដើម្បីមានសេចក្ដីសុខជាមួយកូនង៉ែតដែលផលិតពីសារធាតុស៊ីលីខន់ប្រភេទនេះ (silicone)៕
ប្រែសម្រួល៖ អន សំអាង