ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥
ប្រទេសចិនទើបតែដាក់បង្ហាញនៅទីក្រុងប៉ីជីងនូវរបកគំហើញសំខាន់ៗនៅក្នុងវិស័យបុរាណវិទ្យា និងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌។ នៅក្នុងចំណោមនោះក៏មានមកុដរបស់ព្រះរាជាសម័យបុរាណដែលធ្វើអំពីមាសផងដែរ។
នេះជាការបង្ហាញការរួមបញ្ចូលគ្នា(ឬសមាហរណកម្ម) រវាងបច្ចេកវិទ្យាសម័យទំនើប ជាមួយជំនាញពីដូនតាក្នុងការថែរក្សាសម្បត្តិវប្បធម៌បុរាណ។ មកុដធ្វើអំពីមាសដែលជីកកកាយបាននៅខេត្តជីងហាយ (Qinghai) នោះបន្សល់ទុកតាំងពីសតវត្សទី៨នៃគ្រិស្តសករាជ។
បន្ទាប់ពីជីកកកាយបានកាលពីឆ្នាំ២០១៩ មកុដនេះសឹករេចរឹល និងបាក់បែកដោយអន្លើ ជាហេតុធ្វើឲ្យបាត់បង់ទម្រង់ដើម។ ប៉ុន្តែអាជ្ញាធរខិតខំកែសម្រួលឡើងវិញ។បន្ទាប់ពីប្រើប្រាស់ពេលវេលាជិត២ឆ្នាំ មកុដនេះត្រូវបានកែសម្រួលឡើងវិញស្អាតដូចដើម។ បើក្រឡេកភ្នែក១ភ្លែតសឹងតែមើលមិនដឹងថាមានស្នាមប៉ះ ឬជួសជុលទេ។
នេះជាជោគជ័យទី១នៃការជួសជុលមកុដស្ដេចនគរទូបូ (Tubo Kingdom) នៅលើភ្នំទីបេចន្លោះពីឆ្នាំ៦១៨-៨៤២។ មកុដនេះរចនាឡើងប្រើប្រាស់រចនាបទដ៏ល្អឯក។ ប៉ុន្តែការខិតខំជួសជុលមកុដនេះក៏ជួបនឹងបញ្ហាប្រឈមជាច្រើនផងដែរព្រោះនៅពេលជីកកកាយពីដី មកុដនេះបាក់បែក និងដាច់ចេញពីគ្នា។
កិច្ចការដំបូងរបស់អ្នកបុរាណវិទ្យាគឺត្រូវបិទភ្ជិតមកុដនេះឲ្យជាប់គ្នាឡើងវិញ។ លោកស្រីហួងស៊ី (Huang Xi) ជាជំនួយការរងផ្នែកស្រាវជ្រាវនៅមន្ទីរពិសោធបុរាណវិទ្យា និងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌។ លោកស្រីថ្លែងថាយើងបិទភ្ជាប់មកុដនេះឡើងវិញដោយប្រើប្រាស់បច្ចេកវិទ្យារបស់ប្រទេសចិនផ្ទាល់។
វិធីនេះអាចជួយជួសជុលមកុដឲ្យស្អាតដូចដើម។ នៅពេលធ្វើវិភាគទើបដឹងថាសន្លឹកមាសសម្រាប់ធ្វើមកុដនេះមានកម្រាស់ត្រឹមតែ២រយមីក្រុងតែប៉ុណ្ណោះ។ ពោលគឺប្រហាក់ប្រហែលនឹងក្រដាសអេហ្វ័រ (A4) បីឬបួនសន្លឹកតែប៉ុណ្ណោះ។
មកុដនេះកែច្នៃដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាក់។ ហេតុនេះផ្ទៃមកុដមានសភាពស្ដើង-ក្រាស់មិនស្មើគ្នាទេ។ ដូច្នេះ បើយើងប្រើវិធីបិទភ្ជិតឡើងវិញដោយវិធីធម្មតាៗមិនកើតទេ។ លោកស្រីហួងស៊ីថ្លែងថាលុះត្រាតែយើងប្រើបច្ចេកវិទ្យាបាញ់កាំរស្មីឡេហ្សឺទើបអាចទៅរួច៕
ប្រែសម្រួល៖ អន សំអាង