ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥
តារាចម្រៀងម្ចាស់បទ "Espresso" គឺ Sabrina Carpenter បានបញ្ចេញបទចម្រៀងថ្មីជាចង្វាក់ Pop-Country និង MV ថ្មីដែលទាក់ទាញការចូលទស្សនាលើយូធូបច្រើនជាង ១០ លានដងក្នុងរយៈពេលត្រឹម២ថ្ងៃ។
តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងល្បីអាមេរិក Sabrina Carpenter បានបញ្ចេញវីដេអូចម្រៀងសម្រាប់បទថ្មីរបស់នាងមានចំណងជើងថា "Manchild" កាលពីចុងសប្ដាហ៍កន្លងទៅ ជាមួយឈុតឆាកប្លែកៗទាក់ទាញជាច្រើនសម្រាប់ទស្សនិកជន។
និពន្ធផ្ទាល់ដោយ Carpenter សហការជាមួយ Amy Allen និង Jack Antonoff បទ “Manchild” គឺជាបទចម្រៀងមានចង្វាក់បែប pop-country ជាមួយស្ទីលតន្ត្រីបែបទសវត្សរ៍ឆ្នាំ១៩៨០។
វីដេអូចម្រៀងរបស់បទនេះ ត្រូវបានដឹកនាំដោយ Vania Heymann និង Gal Muggia ដោយបានបង្ហាញពីដំណើរផ្សងព្រេងដ៏ច្របូកច្របល់របស់ Sabrina Carpenter ដែលបានជួបនឹងបុរសមិនគួរឱ្យពេញចិត្តម្នាក់ហើយម្នាក់ទៀត ខណៈឈុតខ្លះក៏មានការប្រណាំងរថយន្ត ការបំផ្ទុះគ្រាប់បែក និងការបាញ់កាំភ្លើងអូតូជាដើម។
តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបាននិយាយអំពីការផលិតបទចម្រៀងថ្មីនេះតាមរយៈការបង្ហោះលើ Instagram ថា បទនេះមិនត្រឹមតែធ្វើឱ្យនាងសប្បាយចិត្តក្នុងការនិពន្ធប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរំឭកនាងពីវ័យជំទង់ដែលពោរពេញភាពច្របូកច្របល់ និងសប្បាយរីករាយរបស់នាងដូចគ្នា។
ប្រឡូកសិល្បៈក្នុងនាមជាតារាសម្តែងផង និងជាតារាចម្រៀងផងតាំងពីឆ្នាំ ២០១០ Sabrina Carpenter ចាប់ផ្ដើមល្បីឈ្មោះដល់កំពូលបន្ទាប់ពីចេញអាល់ប៊ុមស្ទូឌីយ៉ូទីប្រាំមួយរបស់ខ្លួន មានចំណងជើងថា "Short n' Sweet" ក្នុងឆ្នាំ ២០២៤ ដែលរួមមានបទចម្រៀងល្បីៗជាច្រើនដូចជាបទ "Espresso" បទ "Taste" និងបទ "Please, Please, Please" ៕
ប្រែសម្រួល៖ វ៉ាន់ថន