ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥

ប្រទេសចិនរៀបចំពិធីតាំងពិព័រណ៍វប្បធម៌លើកទី២១ដោយបង្ហាញរថយន្តហោះដែលផលិតក្នុងស្រុក

០៩ មិថុនា ២០២៥ | កម្សាន្ដ

ថ្មីៗនេះ ប្រទេសចិនរៀបចំពិធីតាំងពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិលើកទី២១នៅទីក្រុងស៊ឹនចិន ខេត្តក្វាងទុង។ គេសង្កេតឃើញថាផលិតដែលលេចធ្លោជាងគេគឺរថយន្តហោះដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងជាងគេ។ពិព័រណ៍ឆ្នាំនេះរៀបចំចាប់ពីថ្ងៃទី២២ដល់២៦ ខែឧសភា និងបង្ហាញបច្ចេកវិទ្យាអេអាយជាលើកដំបូង។

 

 

ប្រិយមិត្តអាចទស្សនាផលិតផលទំនើបចុងក្រោយបង្អស់របស់ក្រុមហ៊ុនចំនួន២២ដូចជារ៉ូបូត, ដ្រូន, វ៉ែនតាវៃឆ្លាត និងកាសស្ដាប់ត្រចៀកវៃឆ្លាតជាដើម។ នៅក្នុងចំណោមបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗទាំងនោះ គេឃើញរថយន្តហោះដែលដំណើរការដោយប្រពន្ធកង្ហារអគ្គិសនីផលិតនៅក្នុងប្រទេសចិនផ្ទាល់តែម្ដង។ រថយន្តប្រភេទនេះផលិតឡើងដើម្បីហោះឡើង-ចុះត្រង់ពីលើមកដី និងពីដីឡើងទៅលើអាកាសតែម្ដង។

 

 

ពោលគឺមិនចុះចត ឬហោះឡើងដោយរត់នៅលើដងផ្លូវនោះទេ។ គេរំពឹងថារថយន្តប្រភេទនេះជាជម្រើសដ៏សមស្របសម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅពេលធ្វើដំណើរនៅតំបន់ទីប្រជុំជននៃទីខេត្តក្វាងទុង, ហុងកុង និងម៉ាកាវ។ ភ្ញៀវម្នាក់ដែលចូលរួមពិធីតាំងពិព័រណ៍នេះប្រាប់ថាសេដ្ឋកិច្ចដែលប្រើប្រាស់បច្ចេកវិទ្យាហោះហើរទាបៗតួយ៉ាងដូចជារថយន្តហោះជាដើមធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរ។ ពួកយើងកំពុងយកចិត្តទុកដាក់ចំពោះវិស័យនេះ។

 

 

កាលពីមុន យើងត្រូវចំណាយពេលច្រើនម៉ោងទម្រាំធ្វើដំណើរពីគោលដៅមួយទៅគោលដៅមួយទៀត។ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យារថយន្តហោះនេះ យើងចំណាយពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ។ ភ្ញៀវម្នាក់ទៀតប្រាប់ថារថយន្តហោះក្រៅពីកាត់បន្ថយពេលវេលាធ្វើដំណើរ យើងអាចគយគន់ទេសភាពស្អាតៗនៅលើអាកាសបានថែមទៀតផង។

 

 

គួរកត់សម្គាល់ថាក្រៅពីបច្ចេកវិទ្យាថ្មីៗទាំងនេះ ពិធីតាំងពិព័រណ៍ក៏បង្ហាញបច្ចេកវិទ្យានាពេលអនាគតផងដែរដូចជាប្រភេទយន្តហោះខ្នាតតូចអង្គុយបានមួយកៅអីបំពាក់ពោងខ្យល់សុវត្ថិភាពសម្រាប់បង្ការពេលមានគ្រោះថ្នាក់ផ្សេងៗ។

 

 

យានជំនិះប្រភេទនេះបំពាក់ប្រព័ន្ធបញ្ជាដៃចង្កូតដោយអេអាយ និងអគ្គិសនីដើម្បីធានាសុវត្ថិភាពនៅពេលធ្វើដំណើរនៅក្នុងរយៈកម្ពស់ទាបៗល្មមសម្រាប់បម្រើឲ្យវិស័យទេសចរណ៍, សេវារដ្ឋាភិបាល និងការធ្វើអធិការកិច្ច ឬការស្ទង់មើលពីលើអាកាសជាដើម៕

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025