ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥

ការប្រណាំងទូកងតាមប្រពៃណីចិនរៀបចំនៅប្រទេសស៊ែបី និងអាល្លឺម៉ង់ដើម្បីអបអរសាទរបុណ្យទួនអ៊ូ

០៩ មិថុនា ២០២៥ | កម្សាន្ដ

ពិធីប្រណាំងទូកងតាមបែបប្រពៃណីចិនត្រូវគេរៀបចំនៅប្រទេសស៊ែប៊ី (Serbia) និងអាល្លឺម៉ង់ដើម្បីអបអរសាទរពិធីបុណ្យទួនអ៊ូ (Duanwu Festival)។ ខណៈពេលនេះ ទំនៀមទម្លាប់ និងវប្បធម៌ចិនកាន់តែល្បីសុសសាយនៅក្រៅប្រទេស។

 


ពិធីបុណ្យទួនអ៊ូតែងតែរៀបចំឡើងនៅថ្ងៃទី៥ នៃខែទីប្រាំតាមតម្រាចន្ទគតិរបស់ចិន។ សម្រាប់ឆ្នាំនេះ ពិធីបុណ្យទួនអ៊ូរៀបចំឡើងកាលពីថ្ងៃទី៣១ ខែឧសភា។ ដូច្នេះដើម្បីចូលរួមអបអរសាទរបុណ្យនេះ គេបានបើកសម្ពោធពិធីប្រណាំងនីហាវ.ឆាយណា (Nihao China) ដែលជាការប្រណាំងជាអន្តរជាតិរវាងចិន និងស៊ែប៊ីនៅលើផ្ទៃបឹងអាដា.ស៊ីហ្កាន់លីយ៉ា (Ada Ciganlija) សម្រាប់ការអបអររយៈពេល២ថ្ងៃនៃកម្មវិធីស្វែងយល់គ្នាផ្នែកកីឡា និងវប្បធម៌។

 

 

គេឃើញកីឡាករប្រណាំងទូកមានជិតម្ភៃក្រុមមកពីប្រទេសចិនខ្លះ ស៊ែប៊ីខ្លះ និងរ៉ូម៉ានីខ្លះ។ ក្រុមកីឡាករប្រណាំងទូកអាជីពខ្លះ និងមិនមែនអាជីពខ្លះបានខិតខំអុំទូកកាត់ផ្ទាំងរលកធំៗដើម្បីឆាប់បានទៅដល់ទីមុនគេ។ កីឡាករម្នាក់មកពីស៊ែប៊ីប្រាប់ថាពិធីនេះនាំមកនូវភាពរំភើបសប្បាយសឹងតែមិនគួរឲ្យជឿ។

 

 

នៅពេលទូកងចាប់ផ្ដើមបោះពួយលឿនលយទៅមុខ ក្រុមកីឡាករចាប់ផ្ដើមមានអារម្មណ៍រំភើបញាប់ញ័រ និងខំប្រឹងអុំទូក។ អារម្មណ៍បែបនេះមិនអាចពិពណ៌នាឲ្យអស់បានឡើយ។

 

 

នៅពេលអ្នកឆ្លងកាត់ស្ថានភាពនេះ អ្នកគ្មានអារម្មណ៍ថាចង់បន្ធូរដៃទេ។ ក្រៅពីនៅប្រទេសស៊ែប៊ី ពិធីប្រណាំងទូកងតាមបែបប្រពៃណីចិនក៏បានរៀបចំនៅប្រទេសអាល្លឺម៉ង់ផងដែរដែលមានឈ្មោះថាពិធីប្រណាំងទូកងនៅហ្វ្រាងហ្វឺត (Frankfurt Dragon Boat Festival)។ នៅក្នុងពិធីនោះ គេឃើញកីឡាករប្រណាំងទូកងមាន១៨ក្រុម មានគ្នាជាង៥រយនាក់មកពីខេត្តហ៊ូប៉ី (Hubei) នៃប្រទេសចិនភាគកណ្ដាល, មកពីទីក្រុងហ្វ្រាងហ្វឺត, ប្រទេសបារាំង, អ៊ីតាលី និងសហរដ្ឋអាមេរិក។

 

 

លោកម្នាក់ឈ្មោះចនជាកីឡាការប្រណាំងទូកងមកពីសហរដ្ឋអាមេរិកប្រាប់ថាជួនកាលរដ្ឋាភិបាលរបស់យើងភ្លេចគិតថាប្រជាជនស្រឡាញ់គ្នា។ មនុស្សម្នាក់ៗសុទ្ធតែប្រាថ្នាវត្ថុបំណងរួមដូចៗគ្នាទាំងអស់។ នៅពេលយើងចូលរួមស្វែងយល់វប្បធម៌គ្នា ពេលនោះយើងនឹងយល់អំពីតម្លៃរបស់វាកាន់តែខ្លាំង ហើយនាំមកនូវសន្តិភាព និងការរស់នៅដោយសុខដុមរមាននឹងគ្នា។ ហេតុនេះ ពិធីបែបនេះពិតជាមានតម្លៃណាស់៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025