ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥

The Weeknd បញ្ចប់ការសម្ដែង៣ថ្ងៃយ៉ាងជោគជ័យនៅ New Jersey

០៩ មិថុនា ២០២៥ | កម្សាន្ដ

 

តារាចម្រៀងប៉ុបនិង R&B កាណាដា The Weeknd បានបញ្ចប់ការសម្ដែង៣ថ្ងៃយ៉ាងជោគជ័យនៅរដ្ឋ New Jersey ខណៈសំបុត្រចូលទស្សនារាប់ម៉ឺនសន្លឹកក្នុងមួយថ្ងៃលក់ដាច់អស់គ្មានសល់។

 


តារាចម្រៀងប៉ុបល្បីល្បាញលំដាប់ពិភពលោក The Weeknd បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ After Hours Til Dawn ចំនួន ៣ យប់នៅពហុកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey យ៉ាងជោគជ័យ ខណៈសំបុត្រចូលទស្សនាទាំង ៣ថ្ងៃ គឺនៅថ្ងៃទី៥ ទី៦ និងទី៧ ខែមិថុនានេះត្រូវបានលក់អស់គ្មានសល់។

 


ដំណើរប្រគំតន្ត្រីទេសចរណ៍របស់តារាចម្រៀងវ័យ ៣៥ ឆ្នាំរូបនេះមានគម្រោងទៅសម្ដែងនៅទីក្រុងចំនួន ៤៣ ដោយ Show នីមួយៗរួមមានការសម្ដែងបទចម្រៀងពីអាល់ប៊ុមថ្មីរបស់លោកមានចំណងជើងថា "Hurry Up Tomorrow" រួមជាមួយបទល្បីៗផ្សេងទៀតដូចជា "Starboy" "Can't Feel My Face" និងបទ "Blinding Lights" ជាដើម។

 


ការប្រគំតន្ត្រីទេសចរណ៍ដែលមានឈ្មោះថា "After Hours Til Dawn" បានចាប់ផ្តើមដំបូងនៅថ្ងៃទី ៩ ខែឧសភា នៅទីក្រុង Phoenix រដ្ឋ Arizona ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុង San Antonio រដ្ឋ Texas។

 


សូមបញ្ជាក់ម្ដងទៀតថា ការប្រគំតន្ត្រីនេះត្រូវបានចាប់ផ្ដើមដើម្បីផ្សព្វផ្សាយនិងគាំទ្រអាល់ប៊ុមចម្រៀងរបស់លោកមានចំណងជើងថា "Hurry Up Tomorrow" ដែលជាអាល់ប៊ុមចុងក្រោយនៅក្នុងសែស្រឡាយអាល់ប៊ុម "After Hours" និងបានចេញផ្សាយកាលពីថ្ងៃទី ៣១ ខែមករា។

 


ក្នុងការប្រគំតន្ត្រីទេសចរណ៍នេះ The Weeknd ក៏បានអញ្ជើញតារាចម្រៀងផ្សេងៗមកសម្ដែងក្នុងនាមជាភ្ញៀវពិសេសផងដែរ មានដូចជាតារាចម្រៀង Playboi Carti និង Mike Dean ជាដើម។

 


ចាប់ផ្ដើមចេញបទចម្រៀងដំបូងកាលពីឆ្នាំ២០០៩ មកទល់ពេលនេះ The Weeknd ដែលមានឈ្មោះដើមថា Abel Makkonen Tesfaye អាចលក់អាល់ប៊ុមចម្រៀងរបស់ខ្លួនបាន ៧៥ លានបន្ទះជុំវិញពិភពលោក និងបានទទួលពានរង្វាន់ពីកម្មវិធីធំៗជាច្រើនរួមទាំងពានរង្វាន់ Grammy ចំនួន ៤ ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025