ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥

ការអភិវឌ្ឍធនធានមនុស្ស ជាកត្តាគន្លឹះក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ

១៦ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្មឈានទៅ ឧស្សាហកម្មផ្អែកលើជំនាញ និងចូលរួមចំណែកសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

 

 

នៅក្នុងកម្មវិធីប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។

 


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយជួយផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបថការងារ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងចូលរួមកាត់បន្ថយគម្លាតជំនាញ នៅក្នុងទីផ្សារការងារ និងធ្វើឱ្យកម្លាំងពលកម្ម និងមូលធនមនុស្សមានភាពធន់នឹងការបម្រែបម្រួលនៃស្ថានភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ចការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

 


បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ ទាំងក្នុងពេលបច្ចុប្បន្ន និងទាំងសម្រាប់ពេល អនាគត សំដៅជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

 


សូមជម្រាបថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានចំនួនសរុប ២៥៤គ្រឹះស្ថាន ក្នុងនោះ គ្រឹះស្ថាន អ.ប.វ. សាធារណៈចំនួន ៣៧គ្រឹះស្ថាន គ្រឹះស្ថាន អ.ប.វ. ឯកជនចំនួន ១៩៣គ្រឹះស្ថាន (ចុះបញ្ជីការនៅក្រសួងចំនួន ៧២គ្រឹះស្ថាន និងគ្រឹះស្ថានក្រោមឱវាទមន្ទីរចំនួន ១២១គ្រឹះស្ថាន) និងអង្គការ/សមាគមចំនួន ២៤គ្រឹះស្ថាន ដែលបានផ្តល់ការបណ្តុះបណ្តាលទាំងរយៈពេលខ្លី មធ្យម និងវែង ជាមធ្យមប្រមាណ ៦ម៉ឺននាក់ និងការហ្វឹកហ្វឺនកូនជាងជាមធ្យមប្រមាណជាង ៣ម៉ឺននាក់ ក្នុងមួយឆ្នាំ៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រសួងការងារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025