ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥

ប្រធានាធិបតីអាមេរិក អះអាងថា អាមេរិក នឹងយកពន្ធសរុប ៥៥% លើទំនិញរបស់ចិន

១៣ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា អាមេរិក នឹងយកពន្ធសរុប ៥៥% លើទំនិញរបស់ចិន ខណៈភាគីចិន នឹងយកពន្ធ ១០% ពីការនាំចូលទំនិញរបស់អាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។លោក ដូណាល់ ត្រាំ បានថ្លែងថា កិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន គឺរួចរាល់ហើយ ដោយចិន នឹងផ្គត់ផ្គង់មេដែក និងរ៉ែកម្រ ខណៈដែលសហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យទទួលនិស្សិតចិននៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យរបស់ខ្លួន។

 


ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា អាមេរិក កំពុងទទួលបានពន្ធសរុប ៥៥% ខណៈប្រទេសចិនកំពុងទទួលបាន ១០% ហើយទំនាក់ទំនងរវាងប្រទេសទាំង ២ គឺល្អឥតខ្ចោះ។មន្ត្រីសេតវិមានអាមេរិក បានលើកឡើងថា កិច្ចព្រមព្រៀងអនុញ្ញាតឱ្យ សហរដ្ឋអាមេរិក គិតពន្ធ ៥៥% លើទំនិញនាំចូលពីចិន ដោយរួមបញ្ចូលទាំងពន្ធគយ ១០%, ពន្ធ ២០% សម្រាប់ការជួញដូរថ្នាំ fentanyl និងពន្ធ ២៥% ពីលើពន្ធដែលមានស្រាប់។

 


ដោយឡែក ប្រទេសចិននឹងគិតពន្ធ ១០% លើការនាំចូលរបស់អាមេរិក។យ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺស្ថិតនៅក្រោមការយល់ព្រមចុងក្រោយដោយលោកផ្ទាល់ និងប្រធានាធិបតីចិន ស៊ី ជិនពីង។មន្ត្រីអាមេរិក និងចិន បានលើកឡើងថា ពួកគេ បានព្រមព្រៀងលើក្របខណ្ឌមួយ ដើម្បីទទួលបានបទឈប់បាញ់ពាណិជ្ជកម្មរបស់ពួកគេឡើងវិញ និងលុបចោលការរឹតបន្តឹងការនាំចេញរបស់ចិនលើ រ៉ែកម្រ ខណៈស្វែងរកដំណោះស្រាយយូរអង្វែង ចំពោះភាពតានតឹងពាណិជ្ជកម្ម។

 


សូមជម្រាបថា ការផ្លាស់ប្តូរគោលនយោបាយពន្ធគយរបស់លោក ត្រាំ បានធ្វើឱ្យទីផ្សារពិភពលោកកាន់តែមានភាពចលាចល បង្កឱ្យមានការកកស្ទះ និងការភាន់ច្រលំនៅក្នុងកំពង់ផែធំៗ និងធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងការលក់ និងការចំណាយខ្ពស់ជាងមុន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025