ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
អ្នកជំនាញនៅក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន លើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បញ្ហាជម្លោះនៅច្រកព្រំដែនកម្ពុជា-ថៃ ពិតជាបង្កការយឺតយ៉ាវ និងរាំងស្ទះដល់ការដឹកជញ្ជូនទំនិញឆ្លងទៅ-ឆ្លងមករវាងប្រទេសទាំង ២។
លោកឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា បានបញ្ជាក់ប្រាប់ ក្រុមការងារសេដ្ឋកិច្ចភីអិនអិន ឱ្យបានដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែ បញ្ហាជម្លោះនៅច្រកព្រំដែនកម្ពុជា-ថៃ ការដឹកជញ្ជូនទំនិញឆ្លងទៅ-ឆ្លងមករវាងប្រទេសទាំង ២ ពិតជាមានការយឺតយ៉ាវ ពុំមានលំហូរងាយស្រួលដូចមុននោះឡើយ។
ដោយឡែក បើតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក ឃើញថា សហព័ន្ធឧស្សាហកម្មថៃ បានព្រមានថា វិធានការបិទព្រំដែនថៃ-កម្ពុជា អាចប៉ះពាល់ដល់ពាណិជ្ជកម្មព្រំដែនដែលមានតម្លៃប្រមាណ ៥ពាន់ ២រយលានដុល្លារអាមេរិក។ប្រធានសហព័ន្ធឧស្សាហកម្មថៃ អះអាងថា វិធានការពាក់ព័ន្ធនឹងការបើក និងបិទច្រកព្រំដែន តាមកាលវិភាគរបស់យោធា នឹងធ្វើឱ្យមានការរំខានដល់ ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រចាំថ្ងៃ ដែលមានទំហំទឹកប្រាក់ជាង ១៥លានដុល្លារអាមេរិកក្នុងមួយថ្ងៃ។
សូមជម្រាបថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៥នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ២៥ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៨% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ៥ខែនេះ កម្ពុជា សម្រេចបានការនាំចេញទៅកាន់ ប្រទេសថៃ ជិត ៤រយលានដុល្លារអាមេរិក ដែលកើនឡើង ១% និងនាំចូលពី ថៃ មកវិញប្រមាណ ១ពាន់ ៤រយលានដុល្លារអាមេរិក កើនឡើង ១០%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ