ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង បានគូសបញ្ជាក់ថា ការជំរុញការប្រើប្រាស់ ថាមពលកកើតឡើងវិញនៅកម្ពុជា ដែលបច្ចុប្បន្ន សម្រេចបាន ៦២% និងគ្រោងសម្រេចឱ្យបាន៧០% នៃការផ្គត់ផ្គង់ថាមពលសរុបទូទាំងប្រទេស នៅឆ្នាំ២០៣០ ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រែងរបស់កម្ពុជា ក្នុងការចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ការឡើងកម្តៅផែនដី និងជំរុញកំណើនសេដ្ឋកិច្ច របស់កម្ពុជាប្រកបដោយចីរភាព។
ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី និងលោករដ្ឋលេខាធិការ បានបន្តពិភាក្សា ពីកិច្ចខិតខំប្រឹងប្រែងជាមួយវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីធានានូវចីរភាពបរិស្ថាន អន្តរកាលថាមពល ជាពិសេសការជំរុញការប្រើប្រាស់ ថាមពលកកើតឡើងវិញនៅកម្ពុជា ដែលបច្ចុប្បន្នសម្រេចបាន ៦២% និងគ្រោងសម្រេចឱ្យបាន៧០% នៅឆ្នាំ២០៣០។
លើសពីនេះ សម្ដេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ មានវិស័យសក្ដានុពលជាច្រើន ដែលអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយបានជំរុញឱ្យក្រសួងការបរទេស នៃប្រទេសទាំងពីរបន្តពិភាក្សាបន្ថែមទៀត ដើម្បីសម្រេចបាននូវផែនការមួយនេះ បានចេញជារូបរាងក្នុងពេលឆាប់ៗ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរកវិស័យនៃកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត។
ទន្ទឹមនឹងនេះ នៅក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ គឺអាចមានការប្រឈមកង្វះថាមពលអគ្គិសនី ដែលរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាចំនួន ៣ គឺបញ្ហាទី១ ការរក្សាថ្លៃ ថាមពល អគ្គិសនីកុំឱ្យឡើង ទី២ ដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនីកុំឱ្យខ្វះ និងទី៣ គឺចង់ បង្កើនថាមពលបៃតងឱ្យបានច្រើន។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានថាមពលបៃតងប្រមាណ ៦២% ខណៈរដ្ឋាភិបាលចង់ឱ្យបង្កើនដល់ជាង ៧០% មុនឆ្នាំ ២០៣០ ដើម្បីការពារបរិស្ថាន និងយកថាមពលបៃតងក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស មកបង្កើតការងារឱ្យពលរដ្ឋខ្មែរ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី