ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥

តម្លៃប្រេងឆៅសកល ធ្លាក់ចុះបន្តិច បន្ទាប់ពីការចរចាពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក

១២ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

នៅថ្ងៃពុធ សប្តាហ៍នេះ តម្លៃប្រេងឆៅសកល បានធ្លាក់ចុះបន្តិច បន្ទាប់ពីការចរចាលើ បញ្ហាពន្ធគយរវាងចិន និងសហរដ្ឋអាមេរិក បង្ហាញលទ្ធផលជាវិជ្ជមាន គួបផ្សំនឹង កត្តាទីផ្សារថមថយតម្រូវការប្រេង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ២ ខែឧសភានេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៦៦ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅ ៦៤ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានការធ្លាក់ចុះបន្តិចដូចគ្នា។

 

 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានថ្លែងថា ភាគីអាមេរិក និងចិន បានព្រមព្រៀងលើក្របខ័ណ្ឌមួយ ដើម្បីដាក់បទឈប់បាញ់ពាណិជ្ជកម្មរបស់ពួកគេ ញ និងដោះស្រាយការរឹតបន្តឹងការនាំចេញរបស់ចិនលើ រ៉ែកម្រ និងមេដែក។

 


យ៉ាងណា អ្នកវិភាគទីផ្សារជាន់ខ្ពស់ រំពឹងថា លោក ដូណាល់ ត្រាំ នឹងសង្ខេបអំពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីនេះ មុនពេលអនុម័តវា ហើយទាក់ទងនឹង ប្រេងឆៅ គេរំពឹងថា នឹងដកចេញនូវហានិភ័យធ្លាក់ចុះមួយចំនួន ជាពិសេសចំពោះសេដ្ឋកិច្ចចិន និងធ្វើឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានស្ថិរភាព ហើយកត្តាទាំងអស់នេះ គឺជាការគាំទ្រសម្រាប់តម្រូវការប្រេងឆៅ និងតម្លៃប្រេង។

 


ទន្ទឹមនឹងនេះ ខាងផ្នែកផ្គត់ផ្គង់ OPEC+ គ្រោងនឹងបង្កើនផលិតកម្មប្រេងចំនួន ៤សែនបារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែកក្កដា ហើយអាចបន្តសម្រាប់រយៈពេល ៤ខែជាប់ៗគ្នា។ជាចុងក្រោយ ស្ថាប័ន Goldman Sachs ព្យាករថា តម្លៃប្រេងឆៅទាំង ២ខាងលើ អាចមានតម្លៃប្រហាក់ប្រហែល ៥៨ដុល្លារ ដល់ ៦២ដុល្លារ ក្នុងមួយបារ៉ែល នៅត្រឹមខែធ្នូ ឆ្នាំ ២០២៥ ហើយតម្លៃនេះ នឹងថយចុះដល់ ៥១ដុល្លារ ដល់ ៥៥ដុល្លារ នៅខែធ្នូ ឆ្នាំ ២០២៦៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025