ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
ទិន្នន័យចេញផ្សាយដោយសមាគមអ្នកផលិតរថយន្តចិន បង្ហាញថា ការផលិត និងលក់រថយន្តរបស់ចិន កំពុងស្ទុះឡើងខ្លាំងដល់ទៅ ១០% ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥នេះ ដែលបង្ហាញពីនិន្នាការស្ថិរភាព និងវិជ្ជមានសម្រាប់ឧស្សាហកម្មមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។សមាគមអ្នកផលិតរថយន្តចិន បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ ខែឧសភា ការផលិតរថយន្តរបស់ប្រទេសចិន មានចំនួនសរុបជិត ១៣លានគ្រឿង កើនឡើង ១២% ធៀបនឹងឆ្នាំមុន ខណៈដែលការលក់រថយន្តបានកើនឡើង ១១% ដល់ចំនួន ១២លាន ៧សែនគ្រឿង។
ស្របគ្នានេះ ការផលិតរថយន្តថាមពលថ្មី បានកើនឡើង ៤៥% ដល់ ៥លាន ៧សែនគ្រឿង ជាមួយនឹងការលក់កើនឡើង ៤៤% ដល់ ៥លាន ៦សែនគ្រឿង ខណៈការលក់រថយន្តថាមពលថ្មី មានចំណែក ៤៤% នៃការលក់រថយន្តថ្មីសរុប។ទន្ទឹមនឹងនេះដែរ ការនាំចេញរថយន្តរបស់ចិន បានឈានដល់ ២លាន ៥សែនគ្រឿង កើនឡើង ៨% ក្នុងចំណោមនោះ ការនាំចេញរថយន្តអគ្គិសនីថ្មី មានចំនួន ៨សែនគ្រឿង ពោលគឺ កើនឡើង ៦៥%។
មន្រ្តីជំនាញ អះអាងថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានរក្សាកំណើនប្រកបដោយនិរន្តរភាព ដែលជំរុញដោយការ តម្រូវការក្នុងស្រុក និងការធ្វើពិពិធកម្មនៃតម្រូវការខាងក្រៅ។បើតាមទិន្នន័យពីសមាគម បង្ហាញថា ក្នុងខែឧសភា តែមួយ ការផលិតរថយន្តរបស់ប្រទេសចិន មានចំនួនជាង ២លាន ៦សែនគ្រឿង ខណៈដែលការលក់រថយន្តសរុបមាន ចំនួន ២លាន ៧សែនគ្រឿង។
គួរបញ្ជាក់ថា ការលក់យានយន្តនៅក្នុងប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៤% ដល់ ៣៣លានគ្រឿងនៅឆ្នាំនេះ បន្ទាប់ពីការកើនឡើង ៤% ក្នុងឆ្នាំ ២០២៤៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ