ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥
តារាសម្ដែងល្បីៗកូរ៉េដែលជាតួអង្គក្នុងភាពយន្តភាគ “Squid Game” បានបង្ហាញខ្លួននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសដើម្បីសម្ពោធនិងផ្សព្វរដូវកាលទី៣របស់រឿងនេះ។ភាពយន្តភាគកូរ៉េដ៏ល្បីល្បាញរបស់ Netflix គឺ “Squid Game” បានរៀបចំកម្មវិធីសម្ពោធបញ្ចាំងពិសេសសម្រាប់រដូវកាលទី៣ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១២ ខែមិថុនា ជាមួយវត្តមានរបស់អ្នកដឹកនាំរឿងនិងតួអង្គសំខាន់ៗមួយចំនួន។
ចំណាយថវិកាផលិតអស់ ១០០ ពាន់លានវ៉ុន ស្មើនឹងប្រហែល ៧៤ លានដុល្លារ ភាពយន្ត “Squid Game” រដូវកាលទី៣ នេះ បានជាប់ចំណាត់ថ្នាក់លេខ១ ជារឿងភាគមិនទាន់ចេញផ្សាយដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេសម្រាប់សប្តាហ៍ទីពីរជាប់គ្នា ជាមួយពិន្ទុភាពល្បីល្បាញ ៨៥% និងមានអ្នកចង់ទស្សនា ៥៥%។ នេះបើយោងតាមរបាយការណ៍វាយតម្លៃកម្មវិធីមាតិកាកូរ៉េសម្រាប់សប្តាហ៍ទីពីរខែមិថុនាដោយ Consumer Insight។
វីដេអូ Trailer ដែលបានចេញកាលពីថ្ងៃទី ១ ខែមិថុនា បានទទួលការចាប់អារម្មណ៍ច្រើនភ្លាមៗដោយមានអ្នកចូលទស្សនាជាង ១០ លានដងក្នុងរយៈពេលពីរថ្ងៃ។ គិតត្រឹមថ្ងៃទី១៣ ខែមិថុនានេះ ចំនួនចូលបានកើនឡើងដល់ជិត ២០ លាន view លើយូធូប និងប្រមាណ ៥ លាន view នៅលើគណនីហ្វេសប៊ុករបស់ Netflix។
រដូវកាលចុងក្រោយដែលមានចំនួនប្រាំមួយភាគនឹងចាក់ផ្សាយលើ Netflix ទូទាំងពិភពលោកនៅថ្ងៃទី ២៧ ខែមិថុនា ដោយមានការវិលត្រលប់របស់តួអង្គសំខាន់គឺតារាសម្ដែង Lee Jung-jae ជាតួ Gi-hun និងតារាសម្ដែង Lee Byung-hun ជាតួ Front Man ព្រមទាំងតួអង្គអ្នកលេងហ្គេមជាច្រើនទៀតដែលបានរួចជីវិតក្នុងវគ្គមុន។
អ្នកដឹកនាំរឿង លោក Hwang Dong-hyuk បានចែករំលែកថា សាច់រឿងក្នុងរដូវកាលទី ៣ នឹងបង្ហាញពី Gi-hun ដែលរងការឈឺចាប់ដោយសារការបាត់មិត្តភ័ក្តិ និងបរាជ័យក្នុងការជួយសង្គ្រោះមនុស្សពីការចូលអន្ទាក់ហ្គេមកំណាច ប៉ុន្តែរូបគេនឹងក្រោកស៊ូម្តងទៀត។
គួររំឭកថា ភាពយន្ត “Squid Game” រដូវកាលទី១ ដែលចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២១ បានក្លាយជារឿងភាគទទួលបានការចូលទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Netflix ដោយមានការចូលទស្សនាសរុប ២៦៥ លានដង និងរយៈពេលទស្សនាសរុប ២,២ ពាន់លាននាទី ខណៈរដូវកាលទី២ ដែលចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៤ ក៏ទទួលបានការគាំទ្រមិនធម្មតាដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន