ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ហៅកាត់ថា O.E.C.D បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម នឹងកើនឡើង ៦,២% នៅឆ្នាំនេះ ហើយបន្តសម្រេចបាន ៦% ក្នុងឆ្នាំ ២០២៦ខាងមុខ ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
ស្ថាប័នអន្តរជាតិជាច្រើន បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាម ពីប្រហែល ៧% មកនៅចន្លោះពី ៦ ទៅ ៦,២% នៅឆ្នាំ ២០២៥ ដោយសារតែភាពមិនច្បាស់លាស់នៃគោលនយោបាយសកល និងការនាំចេញយឺតយ៉ាវ ដោយសារភាពតានតឹងពាណិជ្ជកម្មកើនឡើង។
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាម នឹងមាន ៦,២% នៅឆ្នាំនេះ និង ៦% នៅឆ្នាំក្រោយ។បើទោះជាមានការកែប្រែធ្លាក់ចុះក៏ដោយ ក៏វៀតណាមនៅតែស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចដែលមានទស្សនវិស័យវិជ្ជមានបំផុតក្នុងឆ្នាំខាងមុខ ជាមួយនឹងការព្យាករណ៍នៅតែខ្ពស់ជាងប្រទេសដទៃទៀតនៅក្នុងតំបន់ ដែលជំរុញដោយការប្រើប្រាស់ឯកជនដ៏រឹងមាំ និងការវិនិយោគសាធារណៈ។
OECD បានបន្តថា គោលនយោបាយសារពើពន្ធរបស់វៀតណាម នឹងបន្តគាំទ្រកំណើនតាមរយៈការពន្លឿនការវិនិយោគសាធារណៈ តែក៏ព្រមានពី សម្ពាធអតិផរណាដែលកំពុងកើតឡើង ដែលអាចជំរុញឱ្យមានការផ្លាស់ប្តូរទៅ ការកំណត់សារពើពន្ធអព្យាក្រឹតជាងមុន។សូមរម្លឹកថា អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានព្យាករថាកំណើនសេដ្ឋកិច្ចសកល អាចសម្រេចបានក្នុងកម្រិតមធ្យម ៣,១% នៅឆ្នាំ ២០២៥នេះ ហើយចុះមក ៣% ក្នុងឆ្នាំ ២០២៦ខាងមុខ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ