ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ការប្រគំតន្ត្រីលើកចុងក្រោយសម្រាប់ដំណើរប្រគំតន្ត្រីទេសចរណ៍ “Hope on the Stage” របស់សមាជិក BTS J-Hope បានប្រមូលផ្ដុំទស្សនិកជនរាប់ម៉ឺននាក់ ជាពិសេសរួមមានវត្តមានរបស់សមាជិកក្រុមទាំង ៧ រូប។
សមាជិកទាំងប្រាំពីរនៃក្រុមចម្រៀងខេប៉ុប BTS បានចូលរួមការប្រគំតន្ត្រីទោលរបស់ j-hope កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីក្រុង Goyang បន្ទាប់ពីពួកគេភាគច្រើនបានបញ្ចប់កាតព្វកិច្ចយោធា។
ក្នុងនោះ Jungkook និង Jin បានសម្តែងនៅលើឆាកជាមួយ j-hope ខណៈពេលដែលសមាជិកផ្សេងទៀតដូចជា RM, Suga, Jimin និង V បានរីករាយទស្សនាការប្រគំតន្ត្រីជាមួយអ្នកគាំទ្រនៅខាងក្រោមឆាក។
ក្រុមហ៊ុន BigHit Music ដែលជាទីភ្នាក់ងាររបស់ BTS បានឱ្យដឹងកាលពីថ្ងៃទី១៥ ខែមិថុនា ថា អ្នកគាំទ្រប្រហែល ៥៤០០០ នាក់បានចូលរួមការប្រគំតន្ត្រីរយៈពេលពីរថ្ងៃចុងក្រោយរបស់ J-Hope កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ សប្ដាហ៍មុន ដែលធ្វើឱ្យដំណើរប្រគំទេសចរណ៍ពិភពលោករបស់លោកទាំងមូលមានអ្នកចូលរួមសរុបរហូតដល់ជាង ៥២០ ០០០ នាក់។
ចាប់ផ្តើមនៅក្នុងខែកុម្ភៈ ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក "Hope on the Stage" របស់ J-Hope រយៈពេល ៤ ខែកន្លងមកនេះបានធ្វើការសម្ដែងសរុបចំនួន ៣៣ ឆាកនៅក្នុងទីក្រុងចំនួន ១៦ ជុំវិញពិភពលោក ដោយទាក់ទាញអ្នកគាំទ្រសរុបចំនួន ៥២៤ ០០០ នាក់។ នេះបើផ្អែកតាមការឱ្យដឹងរបស់ BigHit Music។
គួរបញ្ជាក់ថា BTS កំពុងត្រៀមវិលចូលប្រឡូកក្នុងឆាកតន្ត្រីវិញជាមួយសមាជិកទាំងប្រាំពីរ បន្ទាប់ពីផ្អាកសកម្មភាពក្រុមជិតបីឆ្នាំដើម្បីបំពេញកាតព្វកិច្ចយោធារៀងៗខ្លួន។
បន្ទាប់ពីសមាជិកចំនួន ៦ រូបបានបញ្ចប់កាតព្វកិច្ចរួចរាល់ សមាជិកចុងក្រោយគឺ Suga គ្រោងនឹងបញ្ចប់កាតព្វកិច្ចរបស់ខ្លួននៅថ្ងៃទី ២១ ខែមិថុនានេះ ខណៈខួបគម្រប់ ១២ ឆ្នាំនៃការបង្ហាញខ្លួនរបស់ពួកគេក៏នឹងត្រូវប្រារព្ធឡើងក្នុងខែនេះដូចគ្នា ៕
ប្រែសម្រួល៖ វ៉ាន់ថន