ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
តាមរយៈការសម្ភាសចុងក្រោយ តារាចម្រៀងល្បីអង់គ្លេស Dua Lipa បានបញ្ជាក់ច្បាស់ហើយថានាងពិតជាបានភ្ជាប់ពាក្យជាមួយមិត្តប្រុសគឺតារាសម្ដែង Callcum Turner ពិតមែន។
រយៈពេលជាច្រើនខែមកហើយដែលមានព័ត៌មានលេចឮថា តារាចម្រៀង Dua Lipa អាចនឹងភ្ជាប់ពាក្យជាមួយគូស្នេហ៍គឺតារាសម្ដែង Callum Turner ដោយសារតែនាងបានពាក់ចិញ្ចៀនភ្ជាប់ពាក្យនៅម្រាមដៃចិញ្ចៀនខាងឆ្វេង ប៉ុន្តែនាងមិនបានបញ្ជាក់ ឬនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។
ប៉ុន្តែថ្មីៗនេះ នាងបានបង្ហើបនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី British Vogue ថាអ្នកទាំងពីរបានភ្ជាប់ពាក្យហើយ ហើយនាងពិតជារំភើបខ្លាំងណាស់ក្នុងការចាប់ផ្តើមជំហានបន្ទាប់នៃជីវិតជាមួយនឹងគូដណ្ដឹងម្នាក់នេះ។
នាងនិយាយថា "ពួកយើងបានភ្ជាប់ពាក្យហើយ។ វាពិតជារំភើបណាស់។ ខ្ញុំស្រលាញ់ចិញ្ចៀនរបស់ខ្ញុំខ្លាំងណាស់ ហើយវាពិតជាល្អណាស់ដែលយើងនឹងអាចចំណាយពេលពេញមួយជីវិតជាមួយមនុស្សដែលស្គាល់យើងជាងគេ"។
នាងបានពន្យល់ថា ដំបូងឡើយ នាងមិនមែនជាអ្នកដែលគិតដល់រឿងរៀបការប៉ុន្មាននោះទេ ប៉ុន្តែ Callum Turner គឺជាមនុស្សពិសេសម្នាក់។ ក្រោយពីសាកល្បងមើលចិត្តគ្នាហើយ ទីបំផុតនាងក៏អាចបើកចិត្តចំពោះការរៀបការ។ ចំពោះកាលបរិច្ឆេទរៀបការ តារាចម្រៀងរូបនេះនិយាយថាមិនទាន់បានកំណត់នោះទេ ដោយសារនាងចង់បញ្ចប់ដំណើរប្រគំតន្ត្រីទេសចរណ៍សិន ហើយខាង Cullum ពេលនេះក៏កំពុងជាប់រវល់ថតភាពយន្តដែរ។
គួរបញ្ជាក់ថា Dua Lipa និង Callum Turner បានចាប់ផ្ដើមទាក់ទងគ្នាជាយូរមកហើយ ប៉ុន្តែអ្នកទាំងពីរមិនបានផ្សព្វផ្សាយជាសាធារណៈអំពីទំនាក់ទំនងនេះតាមអ៊ីនធឺណិតនោះទេរហូតដល់ខែកក្កដា ឆ្នាំ២០២៤។ ក្រោយមក នៅក្នុងថ្ងៃចូលឆ្នាំថ្មី ឆ្នាំ ២០២៥ នាងបានបង្ហោះរូបថតមួយសន្លឹកដែលអ្នកគាំទ្រសង្កេតឃើញចិញ្ចៀនមួយយ៉ាងច្បាស់នៅលើម្រាមដៃនាងខាងឆ្វេង នាំឱ្យមានការសង្ស័យថានាងបានភ្ជាប់ពាក្យជាមួយតារាសម្តែងជនជាតិអង់គ្លេសរូបនេះហើយ ៕
ប្រែសម្រួល៖ វ៉ាន់ថន