ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
តារាសម្ដែងអាមេរិក Brad Pitt បានដឹកដៃមិត្តស្រីចូលរួមកម្មវិធីរួមគ្នាយ៉ាងកម្រសម្រាប់ព្រឹត្តិការណ៍សម្ពោធភាពយន្តថ្មីរបស់លោកមានចំណងជើងថា "F1” នៅទីក្រុងញូវយ៉ក។
ទាំងអ្នកគាំទ្រការប្រណាំងរថយន្ត Formula One និងអ្នកគាំទ្រវិស័យភាពយន្តបានជួបជុំគ្នានៅតំបន់ Times Square ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី១៦ ខែមិថុនា សម្រាប់ការសម្ពោធបញ្ចាំងភាពយន្តថ្មី "F1" ដែលជាស្នាដៃសម្ដែងនិងផលិតផ្ទាល់ដោយកំពូលតារាហូលីវូដ Brad Pitt។
ផលិតឡើងក្រោមការសហការរបស់ក្រុមហ៊ុន Dawn Apollo Films និងក្រុមហ៊ុន Apple ភាពយន្តនេះមានការចូលរួមពីកីឡាករប្រណាំងរថយន្ត Formula One គឺ Lewis Hamilton ដែលបានចូលសម្ដែង និងធ្វើជាផលិតករមួយរូបផងដែរ ខណៈផលិតករផ្សេងទៀតរួមមាន Brad Pitt, លោកJoseph Kosinski និងលោក Jerry Bruckheimer។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែរនោះ ក្នុងកម្មវិធីនេះតារាសម្ដែងវ័យ ៦១ ឆ្នាំ Brad Pitt ក៏បានបណ្ដើរគូស្នេហ៍វ័យក្មេងរបស់លោកចូលរួមដែរ គឺកញ្ញា Ines de Ramon ដែលត្រូវបានស្គាល់ថាជាអ្នកច្នៃម៉ូដគ្រឿងអលង្ការលេចធ្លោមួយរូប និងមានវ័យ ៣២ ឆ្នាំ។ គូស្នេហ៍មួយគូនេះត្រូវបានគេដឹងថាមានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីខែវិច្ឆិកា ឆ្នាំ២០២២ និងបានបង្ហាញមុខរួមគ្នាជាសាធារណៈលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុង Venice ។
សូមបញ្ជាក់ថា នៅក្នុងខ្សែភាពយន្ត “F1” តារាសម្ដែង Brad Pitt បានដើរតួជាអ្នកប្រណាំងឡានចូលនិវត្តន៍ដែលសម្រេចចិត្តចូលសមរភូមិប្រកួតវិញដើម្បីជួយសង្រ្គោះក្រុមប្រណាំងរបស់មិត្តខ្លួនដែលកំពុងជួបការលំបាក ដោយមកធ្វើជាគ្រូបង្វឹករបស់អ្នកប្រណាំងឡានវ័យក្មេងសម្ដែងដោយ Damson Idris។
ផ្នែកខ្លះនៃខ្សែភាពយន្តត្រូវបានថតក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ពិតៗនៅទីក្រុង Abu Dhabi ទីក្រុងម៉ិកស៊ិក និងការប្រកួតនៅកន្លែងផ្សេងៗទៀត ដោយក្រុមការងារភាពយន្តនឹងធ្វើការថតក្នុងកំលុងពេលសម្រាកខ្លីនៃការប្រណាំង។ភាពយន្ត "F1” នឹងត្រូវចាក់បញ្ចាំងក្នុងរោងភាពយន្តទូទាំងសកលលោកចាប់ពីថ្ងៃទី ២៧ ខែមិថុនា ៕
ប្រែសម្រួល៖ វ៉ាន់ថន