ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

Scarlett Johansson ដឹកនាំ​ក្រុម​តារាសម្ដែង​ចូលរួម​សម្ពោធ "Jurassic World” វគ្គថ្មី

១៨ មិថុនា ២០២៥ | កម្សាន្ដ

 

"Jurassic World: Rebirth" ដែល​ជា​ភាពយន្ត​ទី៧ ​ពី​សែស្រឡាយ​ភាពយន្ត​ដាយណូស័រ "Jurassic Park” ទើបតែ​ត្រូវ​បាន​សម្ពោធ​បញ្ចាំង​នៅ​ទីក្រុងឡុងដ៍ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា​នេះ ជាមួយ​វត្តមាន​តារាល្បីៗ​​ដែល​បាន​ចូលរួម​សម្ដែង​។

 


តារាហូលីវូដល្បីៗ​រួម​មាន​តារាស្រី Scarlett Johansson, តារាប្រុស Jonathan Bailey និង Mahershala Ali បាន​បង្ហាញ​វត្តមាន​រួម​គ្នា​ដើម្បី​សម្ពោធ​ភាពយន្ត "Jurassic World: Rebirth" នៅលើកម្រាល​ព្រំពណ៌បៃតង​នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៧ ខែមិថុនា។

 


 
ដឹកនាំដោយ​លោក Gareth Edwards ភាពយន្ត "Jurassic World: Rebirth" មិនមាន​សាច់រឿង​ពាក់ព័ន្ធ​នឹង​ភាពយន្ត "Jurassic World” វគ្គ​មុន​ៗ​នោះ​ទេ ដោយ​នឹង​និយាយ​ពី​រឿងរ៉ាវ​របស់​តួអង្គ​ថ្មី​មួយ​ក្រុម​ដែល​ត្រូវ​បំពេញ​បេសកកម្ម​លើ​កោះហាមឃាត់ ដើម្បី​តាមរក​គំរូ DNA ពី​ដាយណូស័រ​ ៣ ប្រភេទ​ដើម្បី​យក​មក​ធ្វើ​ជា​ថ្នាំ​សង្គ្រោះ​ជីវិត​មនុស្ស។

 


 
ភាពយន្តនេះ​ត្រូវ​បាន​ចេញ​បញ្ចាំង​រយៈ​ពេល​៣​ឆ្នាំ​បន្ទាប់​ពី​វគ្គ​មុន​គឺ​រឿង Jurassic World Dominion ដែល​មាន​តារាសម្ដែង Chris Pratt ជា​តួឯក​បាន​ចេញ​កាល​ពី​ឆ្នាំ២០២២ និង​រក​ចំណូល​ពីការ​លក់​សំបុត្រ​បាន​ដល់ ១​ ពាន់​លាន​ដុល្លារ។

 


 
ជួប​ជាមួយ​សារព័ត៌មាន​រ៉យទ័រ​នៅ​ក្នុង​កម្មវិធី​សម្ពោធបញ្ចាំង​លើក​ដំបូង​នេះ តួឯកស្រីវគ្គថ្មី​គឺ​តារាសម្ដែង Johansson បាននិយាយថា​តួនាទីរបស់​នាងនៅក្នុងខ្សែភាពយន្តនេះ​បានធ្វើឱ្យនាងនឹក​ឃើញដល់ការ​ចងចាំ​ដំបូងបំផុតរបស់នាង​ចំពោះ​ស៊េរី​​ភាពយន្ត​ដាយណូស័រ​នេះ។ តួសម្តែងរឿង "Black Widow" បានរំឭកថា​នាង​បាន​មើល​ខ្សែភាពយន្ត "Jurassic Park" ដំបូង​នៅរោងកុន​តាំង​ពី​នាងមានអាយុ ១០ ឆ្នាំ ហើយ​វា​ជា​រឿង​ដ៏​អស្ចារ្យ​​ដែល ៣ ទសវត្សរ៍​ក្រោយមក​នាង​បាន​ចូលរួម​ចំណែក​ក្នុង​ភាពយន្ត​នេះ​ដូច​បំណង។

 


 
ចំណែក​អ្នក​និពន្ធ​រឿង​គឺ​លោក David Koepp ដែល​បាន​សរសេរ​សាច់​រឿងសម្រាប់ភាពយន្ត "Jurassic World: Rebirth" ព្រមទាំងភាពយន្ត "Jurassic Park" កាលពីឆ្នាំ ១៩៩៣ បាននិយាយថា លោក​មានបំណង​ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្សែ​ភាពយន្ត​ចុងក្រោយ​នេះ​មាន​ចំណុច​ពាក់ព័ន្ធ​ខ្លះ​ជាមួយ​ភាពយន្ត​ដើម​ ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ក៏​ដូច​​ជា​អ្នក​គាំទ្រ​ស៊េរីភាពយន្ត​​នេះ​ផ្ទាល់​បាន​ត្រលប់​ទៅ​កាន់​ការ​ចងចាំ​គួរ​​ឱ្យ​ខ្លាច​កាល​ពី​ក្មេង​ម្ដង​ទៀត។សូម​បញ្ជាក់​ថា​ភាពយន្ត “Jurassic World: Rebirth” ​នឹង​ចាប់ផ្តើមចាក់បញ្ចាំង​ជាសកល​នៅថ្ងៃទី ២ខែកក្កដា​ខាង​មុខ​៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025