ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍(១៩មិថុនា) ដើម្បីស្វែងរកវិធីពង្រឹងទំនាក់ទំនង ជាអ្វីដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ និយាយថា ជាការពង្រឹងភាពជាដៃគូរយុទ្ធសាស្ត្រ។
ជំនួប នឹងធ្វើឡើងនៅវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុងSaint Petersburg ដែលជាទូទៅសម្រាប់វេទិកានេះ លោកPutin នឹងផ្តល់ការថ្លែងសន្ទរកថាសំខាន់ៗ និងអញ្ជើញមេដឹកនាំបរទេសម្នាក់ជាភ្ញៀវ។
លោកLavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកឡើងថា ប្រទេសរុស្ស៊ី និងប្រទេសឥណ្ឌូណេស៊ី គួរតែស្វែងរកការពង្រឹងទំនាក់ទំនងផ្នែកការពារ សន្តិសុខ កងទ័ពជើងទឹក និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកបន្តថា ក្រុមហ៊ុនសាជីវកម្មនុយក្លេអ៊ែររដ្ឋរបស់ប្រទេសរុស្ស៊ី Rosatom បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយឥណ្ឌូនេស៊ីសាងសង់ស្ថានីយ៍ថាមពលបរមាណូ ហើយប្រទេសទាំងពីរ អាចធ្វើសមយុទ្ធយោធារួមគ្នា។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Sugiono បានថ្លែងប្រាប់អ្នកសារព័ត៌មានជាភាសាអង់គ្លេសដូច្នេះថា «នេះជាការបង្ហាញ ឱ្យឃើញថាតើឥណ្ឌូនេស៊ីគិតពីទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីសំខាន់ខ្លាំងកម្រិតណា»។
លោក Sugiono លើកឡើងថា លោកPutin និងលោកPrabowoចុះសម្រុងគ្នាល្អ ហើយបន្តថា មេដឹកនាំទាំងពីរ ពង្រឹង និងពង្រីកទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។
ពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ីនិងឥណ្ឌូនេស៊ី មានចំនួនសរុបជិត៤,៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ យោងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lavrov។
ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាសមាជិកពេញសិទ្ធិម្នាក់របស់ក្រុមប្រទេសBRICS កាលពីដើមឆ្នាំ។
ប្រែសម្រួល៖ណាវ័ន្ត