ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

ភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន

១៨ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំងនៅខេត្តក័ងតុង(Guangdong) ភាគខាងត្បូងប្រទេសចិន ធ្វើឱ្យអាជ្ញាធរចេញការព្រមានពណ៌ក្រហមឱ្យប្រជាជនប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង,បិទសាលារៀន,ពន្យាពេលជើងហោះហើរ និងលុបចោលសេវាកម្មរថភ្លើងនៅទូទាំងខេត្តនៅថ្ងៃអង្គារ។
 

 

 

 

ភ្លៀងធ្លាក់ខ្លាំង ចាប់ផ្តើមនៅទីក្រុងYangjiang នៅយប់ថ្ងៃច័ន្ទ ហើយអាជ្ញាធរចេញការព្រមានពណ៌ក្រហមនៅថ្ងៃអង្គារ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងចំណោមកម្រិតព្រមានទាំង៤កម្រិតក្នុងប្រព័ន្ធព្រមានពីអាកាសធាតុរបស់ប្រទេសចិន។

 

ក្រុមពន្លត់អគ្គីភ័យ បានប្រញ៉ាប់ប្រញ៉ាល់ទៅជួយសង្គ្រោះមនុស្សជាច្រើនដែលជាប់នៅក្នុងទឹកជំនន់ក្រោយភ្លៀងធ្លាក់ខ្លាំងជន់លិចផ្លូវ។ 

 

នៅព្រឹកថ្ងៃអង្គារ តំបន់Huaiji  ក៏បានចេញការព្រមានពណ៌ក្រហមលើភ្លៀងធ្លាក់ខ្លាំងដែលមានទន្លេជាច្រើនទឹកជន់ខ្លាំង ហើយក្រុមសង្គ្រោះមានការមមាញឹកខ្លាំងក្នុងការបូមទឹកចេញពីផ្លូវ។ 

 

ការព្រមានដូចគ្នាក៏បានប្រកាសនៅទីក្រុងMaoming ។ តំបន់ទំនាបក្នុងទីក្រុងនេះរងការជន់លិចទឹកជំនន់ធ្ងន់ធ្ងរ ហើយទាំងប៉ូលីសនិងអ្នកពន្លត់អគ្គីភ័យប្រញ៉ាប់ប្រញ៉ាល់ទៅសង្គ្រោះអ្នកជាប់ក្នុងទឹកជំនន់។ 

 

នៅថ្ងៃអង្គារ សាលារៀនគ្រប់កម្រិតនៅក្នុងខេត្តចាប់តាំងពីសាលាមត្តេយ្យដល់មហាវិទ្យាល័យរួមទាំងវិទ្យាស្ថានហ្វឹកហ្វឺនត្រូវបិទ។ ក្រុមហ៊ុនអាកាសចរណ៍ បានលុបចោលជើងហោះហើរសរុប៩៧ ពីទីក្រុងShenzhen ទៅតំបន់ជាច្រើនរបស់ប្រទេសចិន។ ស្របគ្នា ក៏បានផ្អាកសេវាកម្មរថភ្លើងដឹកអ្នកដំណើរផងដែរ។ 

 

យា់ងណាក៏ដោយ មិនមានការរាយការណ៍ពីមនុស្សរងគ្រោះទេ។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025