ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
សារព័ត៌មាន Korea Herald បានរាយការណ៍កាលពីថ្ងៃទី ១៨ ខែមិថុនា ដោយដកស្រង់ប្រភពផ្ទៃក្នុងជាច្រើន រួមទាំងប្រភពពី HYBE និយាយថា BTS នឹងធ្វើការវិលត្រលប់ជាក្រុមពេញលេញនៅក្នុងខែមីនា ឆ្នាំ២០២៦។
សេចក្ដីរាយការណ៍ខាងលើអះអាងថា "ខណៈពេលដែលកាលបរិច្ឆេទពិតប្រាកដមិនទាន់ត្រូវបានកំណត់ តែភាគរយច្រើនគឺនៅពាក់កណ្តាលខែមីនា ហើយពួកគេនឹងត្រលប់មកវិញមុនឬក្រោយក្រុម TXT ដែលស្ថិតក្នុងផលិតកម្មរួមគ្នាបន្តិច” ព្រមទាំងបានឱ្យដឹងទៀតថា ក្រុមចម្រៀង ENHYPEN ដើមឡើយមានគម្រោងធ្វើការត្រលប់មកវិញនៅខែមីនាឆ្នាំក្រោយ ប៉ុន្តែបានប្ដូរមកខែមករាវិញ ដើម្បីកុំឱ្យមានការជាន់គ្នាជាមួយ BTS ។
យ៉ាងណាក៏ដោយ នៅពេលត្រូវបានសួរបញ្ជាក់អំពីពាក្យចចាមអារ៉ាមនេះ BIGHIT MUSIC ដែលជាទីភ្នាក់ងារផ្ទាល់បានឆ្លើយតបយ៉ាងខ្លីថា ពួកគេមិនទាន់មានការសម្រេចចិត្តអំពីកាលវិភាគវិលត្រលប់របស់ BTS នៅឡើយទេ។
ត្បិតថាការវិលត្រលប់នៅខែមីនាហាក់ដូចជានៅឆ្ងាយបន្តិច តែនាយកប្រតិបត្តិ HYBE លោក Lee Jae Sang ធ្លាប់បានពន្យល់ក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនកាលពីថ្មីៗនេះថា សមាជិកក្រុមនឹងត្រូវការពេលវេលាដើម្បីរៀបចំ និងផ្តោតលើសកម្មភាពច្នៃប្រឌិតបន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធារបស់ពួកគេ។
លោកថាពួកគេនឹងធ្វើការជាមួយផលិតករលំដាប់កំពូលៗ ប៉ុន្តែសិល្បករក៏ត្រូវការពេលវេលាដើម្បីឆ្លុះបញ្ចាំង និងបញ្ចូលថាមពលឡើងវិញដែរ។
ទន្ទឹមនេះ Jin សមាជិកច្បងរបស់ក្រុមក៏នឹងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ទោលរបស់ខ្លួនមានឈ្មោះថា 'Runseokjin_EP.Tour' នៅថ្ងៃទី ២៨ និង ២៩ ខែមិថុនា ដោយការប្រគំតន្ត្រីទេសចរណ៍នេះនឹងមានកម្មវិធីចំនួន ១៨ ឆាកនៅទីក្រុងចំនួន ៩ ក្នុងប្រទេសផ្សេងៗហើយគ្រោងនឹងបន្តរហូតដល់ថ្ងៃទី ១០ ខែសីហា។ មើលតាមកាលវិភាគនេះ លទ្ធភាពនៃការវិលត្រលប់ជាក្រុមពេញលេញនៅឆ្នាំ ២០២៥ គឺទាបខ្លាំងណាស់ ៕
ប្រែសម្រួល៖ វ៉ាន់ថន