ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
លោកចូវណ្ណី.អានតូនីញ៉ូ.កាណាល់ (Giovanni Antonio Canal) ដែលគេច្រើនស្គាល់ថាកាណាល់ឡេតូ (Canaletto) ជាវិចិត្រដ៏ល្បីមួយរូបកាលពីអតីតកាល។ រូបគំនូរមួយផ្ទាំងរបស់គាត់ត្រៀមដាក់លក់ដេញថ្លៃនៅខែកក្កដា។
រូបគំនូរមួយផ្ទាំងនេះធ្លាប់ជាកម្មសិទ្ធិរបស់នាយករដ្ឋមន្ត្រីទី១អង់គ្លេស ហើយត្រូវគេប៉ាន់ស្មានថាអាចលក់បានលើសពី២៧លានដុល្លារ។ រូបគំនូរនេះពិពណ៌នាអំពីទូកងសម័យបុរាណឈ្មោះប៊ូស៊ីនតូរ៉ូ (Bucintoro) ដែលជាយានជំនិះសម្រាប់ធ្វើដំណើររបស់អភិបាលក្រុងវេនីស ប្រទេសអ៊ីតាលី ដែលវិលមកចតនៅមាត់កំពង់នៃតិរវិថីសាជាថ្មីដើម្បីចូលរួមនៅក្នុងពិធីបុណ្យ។
លោកអេនឌ្រូ.ហ្វ្លិតឆឺ (Andrew Fletcher) ជាប្រធានផ្នែកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនគ្រីសស្ទី (Christie)ដែលទទួលរ៉ាប់រងដាក់លក់ដេញថ្លៃ។ លោកថ្លែងថាគំនូរនេះបើលោកឲ្យពិន្ទុគឺដប់លើដប់។ រូបនេះពិពណ៌នាបានល្អណាស់អំពីទិដ្ឋភាពនៃទីក្រុងវេនីសនៅក្នុងបរិយាកាសដ៏រុងរឿងបំផុតនៃការរៀបចំពិធីបុណ្យ។ លោកថ្លែងបន្តទៀតថារូបគំនូរនេះនៅរក្សារូបរាងបានល្អស្អាតស្ទើរតែមិនគួរឲ្យជឿ។
មូលហេតុដោយសារគំនូរនេះពេញមួយជីវិតរបស់វាគ្រប់គ្រងបន្តដោយមនុស្សតិចតួចតែប៉ុណ្ណោះ។ លក្ខណៈពិសេសនៅត្រង់ថារូបគំនូររបស់លោកខាណាឡេតូ (Canaletto) មួយផ្ទាំងនេះស្រាប់តែមានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅអង់គ្លេស។
គំនូរនេះធ្លាប់ដាក់តាំងនៅវិមាននាយករដ្ឋមន្ត្រីអង់គ្លេសដោននីងស្ទ្រីត (Downing Street) ជាលើកដំបូងកាលពីឆ្នាំ១៧៣៦។ នេះជាផ្នែកមួយនៃសមូហកម្មរបស់លោករ៉ូបឺត.វ៉ាល់ផូល (Robert Walpole) ដែលគេចាត់ទុកជានាយករដ្ឋមន្ត្រីទី១របស់អង់គ្លេស។
បន្ទាប់ពីលោកទទួលអនិច្ចកម្ម គេបានយកគំនូរនេះទៅដាក់លក់ដេញថ្លៃ។ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោកសាំសុន.ហ្គីដឹន (Samson Gideon) ជាអ្នកទិញយកគំនូរនេះ និងរក្សាទុកនៅក្នុងផ្ទះរបស់គាត់រហូតដល់ឆ្នាំ១៩៣០។ ការលក់ដេញថ្លៃលើកចុងក្រោយធ្វើឡើងកាលពីឆ្នាំ១៩៩៣។ គិតទៅ រយៈពេលជាង៣០ឆ្នាំទើបគេយកទៅដេញថ្លៃម្ដងទៀត៕
ប្រែសម្រួល៖ អន សំអាង