ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
តម្លៃប្រេងបានហក់ឡើងនៅថ្ងៃច័ន្ទ(២៣មិថុនា) ទៅតម្លៃខ្ពស់បំផុតចាប់តាំងពីខែមករាមក ខណៈអាមេរិកកាលពីចុងសប្តាហ៍ បានចូលរួមជាមួយប្រទេសអ៊ីស្រាអ៊ែល បើកការវាយប្រហារនៅទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ឺរ៉ង់។
ប្រេងឆៅBrent(LCOc1) ឡើងថ្លៃចំនួន១,៩២ដុល្លារអាមេរិក ឬ២,៤៩ភាគរយ មានតម្លៃ៧៨,៩៣ដុល្លារអាមេរិកក្នុងមួយបារ៉ែល នៅត្រឹមម៉ោង០១១៧ GMT។ ចំណែកប្រេងឆៅអាមេរិកWest Texas Intermediate(CLc1) ឡើងថ្លៃចំនួន១,៨៩ដុល្លារអាមេរិកឬ២,៥៦ភាគរយ មានតម្លៃ៧៥,៧៣ដុល្លារអាមេរិក។
ប្រេងឆៅទាំង២ប្រភេទខាងលើនេះ បានហក់ឡើងក្នុងចំនួនច្រើនជាង៣ភាគរយ នៅពេលបើកទីផ្សារជួញដូរប្រេង ទៅដល់តម្លៃ៨១,៤០សម្រាប់ប្រេងBrent(LCOc1) និង៧៨,៤០សម្រាប់ប្រេងWTI(CLc1) ដែលជាការឡើងថ្លៃខ្ពស់បំផុតក្នុងពេល៥ខែមកនេះ ប៉ុន្តែក្រោយមកក៏ធ្លាក់ថ្លៃបន្តិចវិញ។
តម្លៃប្រេងឡើង កើតឡើងក្រោយលោកប្រធានាធិបតីអាមេរិកDonald Trump និយាយថា លោកបានបំផ្លាញចោលទីតាំងនុយក្លេអ៊ែរសំខាន់របស់ប្រទេសអ៊ឺរ៉ង់នៅក្នុងការវាយប្រហារកាលពីចុងសប្តាហ៍ជាមួយប្រទេសអ៊ីស្រាអ៊ែល ដែលបានក្លាយជាការប៉ះទង្គិចកាន់តែតានតឹងឡើងនៅតំបន់មជ្ឈឹមបូព៌ា ខណៈរដ្ឋាភិបាលទីក្រុងតេហេរ៉ង់សច្ចាការពារខ្លួន។
ប្រទេសអ៊ឺរ៉ង់ ជាប្រទេសផលិតប្រេងធំបំផុតលំដាប់ទី៣របស់ក្រុមប្រទេសផលិតប្រេងអង្គការអូប៉ិក( OPEC)។
ក្រុមអ្នកចូលរួមជួញដូរក្នុងទីផ្សារប្រេង រំពឹងថា តម្លៃប្រេងនឹងកើនឡើងបន្ថែមទៀតចំពេលបារម្ភកាន់តែខ្លាំងឡើងថា ការវាយប្រហារតបវិញពីសំណាក់ប្រទេសអ៊ឺរ៉ង់ ប្រហែលរួមមានទាំងការបិទច្រកសមុទ្រHormuz ដែលជាច្រកផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងក្នុងពិភពលោកប្រហែល២០ភាគរយ។
ប្រែសម្រួល៖ណាវ័ន្ត