ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

មេដឹកនាំរុស្ស៊ីលោកPutin៖មិនចាំបាច់ឱ្យអង្គការOPEC+អន្តរាគមន៍ក្នុងទីផ្សារប្រេងដោយសារជម្លោះអ៊ីរ៉ង់និងអ៊ីស្រាអែលទេ

២១ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin  បាននិយាយនៅថ្ងៃសុក្រ(២០មិថុនា) យ៉ាងដូច្នេះថា តម្លៃប្រេងមិនឡើងថ្លៃខ្លាំង ដោយសារជម្លោះរវាងប្រទេសអ៊ីរ៉ង់ និងប្រទេសអ៊ីស្រាអែលនោះទេ។ លោកបន្តថា មិនមានតម្រូវការ ឱ្យក្រុមប្រទេសផលិតប្រេងអង្គការOPEC+ចូលអន្តរាគមន៍ក្នុងទីផ្សារប្រេងឡើយ។ 

 

តម្លៃប្រេង បានឡើងថ្លៃខណៈសង្គ្រាមដែនអាកាសរយៈពេល១សប្តាហ៍រវាងប្រទេសអ៊ីស្រាអ៊ែលនិងប្រទេសអ៊ឺរ៉ង់រឹតតែខ្លាំងឡើង ហើយមានដំណឹងពីលទ្ធភាពកម្រិតខ្ពស់ដែលអាមេរិកនឹងចូលរួមធ្វើសង្គ្រាមជាមួយប្រទេសអ៊ីស្រាអ៊ែល ដែលធ្វើឱ្យក្រុមអ្នកវិនិយោគមានការបារម្ភ។ 

 

លោក Putin និយាយថា តម្លៃប្រេងនៅពេលឥឡូវ មានតម្លៃប្រហែល៧៥ដុល្លារក្នុងមួយបារ៉ែល រីឯតម្លៃមុនពេលការប៉ះទង្គិចរវាងអ៊ឺរ៉ង់និងអ៊ីស្រាអ៊ែលតានតឹង គឺ៦៥ដុល្លារអាមេរិក។

 

«ជាការពិត យើងបានឃើញស្ថានភាពបច្ចុប្បន្ននៅមជ្ឈឹមបូព៌ា ស្ថានភាពបច្ចុប្បន្នទាក់ទងនឹងការប៉ះទង្គិចរវាងប្រទេសអ៊ឺរ៉ង់និងអ៊ីស្រាអ៊ែល បានធ្វើឱ្យប្រេងឡើងថ្លៃ។ ប៉ុន្តែតម្លៃដែលឡើងថ្លៃនេះ ក្នុងការយល់ឃើញរបស់អ្នកនាំចេញរបស់យើង គឺមិនច្រើនខ្លាំងទេ»។ លោកPutin ថ្លែងនៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចនៅទីក្រុងSt Petersburg។ 

 

អ៊ីរ៉ង់​ ជា​ប្រទេស​ផលិត​ប្រេង​ធំ​លំដាប់ទី​៣នៅក្នុង​ចំណោម​សមាជិក​នៃ​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេងOPEC(Organization of the Petroleum Exporting Countries)។ ការប៉ះទង្គិចដែលកើតឡើង អាចរំខានដល់ការ​ផ្គត់ផ្គង់​ប្រេង​របស់​ប្រទេសអ៊ឺរ៉ង់ ដូច្នេះហើយតម្លៃប្រេងក៏ឡើងថ្លៃ។ 

 

ប្រធានាធិបតីរុស្ស៊ីលោក Putin ក៏បាននិយាយផងដែរថា ក្រុមប្រទេសអង្គការOPEC និងសម្ព័ន្ធមិត្ត រួមទាំងប្រទេសរុស្ស៊ី ឬហៅថាក្រុមប្រទេសOPEC+ ដែលផលិតប្រេងប្រហែលពាក់កណ្តាលនៃប្រេងក្នុងពិភពលោក កំពុងបង្កើនការផលិតប្រេង ប៉ុន្តែដំណើរការយ៉ាងយឺតៗដើម្បីធានាតុល្យភាពនៅក្នុងទីផ្សារប្រេង និងរក្សាបានតម្លៃល្អ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025