ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
គិតមកទល់ពេលនេះ រយៈពេលប្រមាណ៥ឆ្នាំហើយដែលតារាកំប្លែងស្ងួត ពូណុយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការញ៉ាំងបរិយាកាសកម្មវិធី «អ្នកជិតខាង» របស់ភីអិនអិន ឱ្យពុកម៉ែបងប្អូនបានស្គាល់តាមរយៈវោហាសព្ទ និងកាយវិការបែបកំប្លុកកំប្លែងរបស់លោក។
អនុស្សាវរីយ៍ បទពិសោធន៍ល្អជាមួយក្រុមការងារបង្កើតជាចំណងមិត្តភាពដ៏ល្អមួយរវាងលោក និងកម្មវិធី «អ្នកជិតខាង»។ អ្វីដែលសំខាន់តារាកំប្លែងរូបនេះថា ដោយសារកម្មវិធី «អ្នកជិតខាង» នេះហើយ បានជួយឱ្យពុកម៉ែបងប្អូននៅតាមទីស្រុកស្រែជនបទស្គាល់រូបលោកច្បាស់ រហូតមានគេស្គាល់នៅក្រៅពេលចុះទៅធ្វើការតាមខេត្តម្តងៗ។
និយាយបែបលេងសើច ពូនុយ ថា កម្មវិធី «អ្នកជិតខាង» ធ្វើឱ្យលោក ស្រីពីន នាយព្រែក ស្រីពេជ្រ និង ហ៊ាទី ក្លាយជាមនុស្សស្និទ្ធស្នាលគ្នា សឹងតែដូចបងប្អូនទៅហើយ។
ក្នុងបទសម្ភាសន៍ជាមួយភីអិនអិន ពូណុយ បានប្រាប់ថា ឆាប់ៗកម្មវិធី «អ្នកជិតខាង» នឹងមានអ្វីថ្មីប្លែកសម្រាប់ចក្ខុទស្សនិកជន ជាមួយគំនិតច្នៃប្រឌិដ្ឋថ្មីៗមិនឱ្យពុកម៉ែបងប្អូនសាំភ្នែកនោះឡើយ។
កុំភ្លេចរង់ចាំតាមដានកម្មវិធី «អ្នកជិតខាង» ចាក់ផ្សាយ នៅរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១០:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ PNN ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច