ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

ឆ្នាំនេះ កម្ពុជា ផលិតអំបិលបាន ៣ម៉ឺនតោន ថយចុះ ៦០% បើធៀបទៅនឹងឆ្នាំមុន 

២១ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប បានឱ្យដឹងថា កម្ពុជាប្រមូលផលអំបិលបានប្រមាណ ៣ម៉ឺនតោន ថយចុះ ៦០% ខណៈទិន្នផលអំបិលកំពត កែប ធ្លាក់ចុះដោយសារកត្តាអាកាសធាតុ ត្បិតតែឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន នាំឱ្យការប្រមូលផលអំបិលមិនបានច្រើនក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែមានអំបិលសម្រាប់ការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។កត្តាអាកាសធាតុមានភ្លៀងធ្លាក់ច្រើនចាប់តាំងខែមីនា-មេសា បានធ្វើឱ្យការប្រមូលផលអំបិលកំពត កែប ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ«GI» ក្នុងឆ្នាំ២០២៥នេះ ធ្លាក់ចុះយ៉ាងច្រើនបើធៀបនឹងឆ្នាំ២០២៤ ដោយសម្រេចបានត្រឹមជាង ៣ម៉ឺន១ពាន់តោន ប៉ុណ្ណោះ។ 

 


លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប បានឲ្យក្រុមការងារ សេដ្ឋកិច្ចភីអិនអិនដឹងថា កត្តាទឹកភ្លៀង បានធ្វើឱ្យការធ្វើស្រែអំបិលឆ្នាំនេះមិនសមប្រកប ព្រោះវាបានធ្វើឱ្យពេលវេលានៃការផលិត និងការប្រមូលផលអំបិលកាន់តែមានពេលខ្លី។ ដូច្នេះ ការប្រមូលផលអំបិលនៅឆ្នាំនេះ ទទួលបានចំនួន ៣ម៉ឺន១ពាន់៨រយតោន មានការថយចុះ ៦០% បើធៀបទៅនឹងឆ្នាំមុន។ ទោះបីឆ្នាំនេះ ទិន្នផលធ្លាក់ចុះច្រើន តែពលរដ្ឋមិនខ្វះខាតអំបិលបរិភោគនោះទេ ព្រោះកម្ពុជានៅសល់អំបិលក្នុងឃ្លាំងប្រមាណ ៥ម៉ឺនតោនទៀត កាលពីឆ្នាំ២០២៤ វាមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ក្នុងស្រុកនោះឡើយ។

 

 

លោក ប៊ុន ណារិន បានឲ្យដឹងថា កសិករប្រាកដណាស់នឹងជួបបញ្ហាប្រឈមខ្លាំង ទៅលើការប្រមូលផលបានចំនួនតិច ចំណាយដើមទុនច្រើន នៅពេលដែលអំបិលចុះថោកខ្លាំង កសិករត្រូវបង្ខំចិត្តលក់ដើម្បីប្រមូលលុយមកបន្តការផលិត។ លើសពីនេះ បញ្ហាប្រឈមមួយទៀត គឺនៅរដូវប្រមូលផលកម្ពុជាខ្វះកំលាំងពលកម្ម ផលិតកម្មពឹងផ្អែកលើអាកាសធាតុអំបិលពុំមានគុណភាពតាមស្តង់ដា បច្ចេកទេសតាមបែបបុរាណ មិនទាន់មានទំនើបកម្ម និងហេដ្ឋារចនាសម្ព័ន្ធសិប្បកម្មអំបិល មានសភាពចាស់ទ្រុឌទ្រោម ខ្វះទុនបន្ថែមសម្រាប់ជួសជុល និងកែលម្អរ។ ប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប រូបនេះ បានគូសបញ្ជាក់ថា កាលពីមុនពលករមិនទាន់នាំគ្នាទៅធ្វើការនៅប្រទេសថៃ មានពលករជាច្រើននាំគ្នាមករកការងារធ្វើនៅតំបន់ស្រែអំបិលចន្លោះពី ៥ពាន់ ទៅ១ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ខណៈនៅពេលនេះដល់រដូវប្រមូលផលម្តងៗ រកបានពលករត្រឹមតែ ១៥នាក់ ប៉ុណ្ណោះ។

 

 

ប្រធានសមាគម សំណូមពរនិងលើកទឹកចិត្តទៅដល់អ្នកដែលកំពុងស្វែងរកការងារធ្វើក្នុងស្រុក ងាកមកសម្លឹងមើលការងារណាដែលអ្នកពេញចិត្ត មិនចាកឆ្ងាយពីស្រុកកំណើត។ លោក ប៊ុន ណារិន បានបន្តថា ចំពោះតម្លៃអំបិលវិញ ហាក់កើនឡើនជាងមុនបន្ដិច ដោយអំបិលលេខ១ អាចលក់ចេញបានចន្លោះពី ១ម៉ឺន១ពាន់រៀល ទៅ ១ម៉ឺន២ពាន់រៀល ក្នុង១បាវ ទម្ងន់៥០គីឡូ ចំណែក អំបិលលេខ២ និង លេខ៣វិញ លក់ចេញក្នុងតម្លៃចន្លោះពី ៧ពាន់រៀល ទៅ ៨ពាន់រៀល ក្នុង១បាវ។ ប្រធានសមាគមរូបនេះ បានបន្ថែមថា អំបិលសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប កំពុងចរាចរនៅលើទីផ្សារក្នុងស្រុក និងនាំចេញក្នុងបរិមាណតិចតួចទៅកាន់ប្រទេសជប៉ុន និងសហភាពអឺរ៉ុប។

 

 

យ៉ាងណា ក្រោយកើតមានសង្រ្គាមរុស្សី និងអ៊ុយក្រែន ការនាំចេញទៅអឺរ៉ុប បានថមថយដោយមិនមានការបញ្ជាទិញបន្ត ខណៈសមាគមកំពុងព្យាយាមបន្តចរចានាំចេញទៅកាន់ប្រទេសជប៉ុនបន្ថែម។គួររំលឹកថា ក្នុងជំនួបសវនាការការងារជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី បានឲ្យដឹងថា ការអភិវឌ្ឍស្រែអំបិល គឺកម្ពុជាមានស្រែអំបិលចំនួនពីរកន្លែង លើផ្ទៃដីសរុបជិត ៤ពាន់ហិកតា ក្នុងនោះ ស្រែអំបិលនៅខេត្តកំពតមានចំនួន ៣ពាន់ហិកតា និងនៅខេត្តកែប ៤៩៧ ហិកតា។ 

 


យោងតាមក្រសួងឧស្សាហកម្ម ផលិតកម្មអំបិលកម្ពុជាសម្រេចបានជាង ១៦ម៉ឺនតោន នៅក្នុងឆ្នាំ ២០២៤ លើផ្ទៃដីស្រែអំបិលជិត ៤ពាន់ហិកតា ក្នុងខេត្តកំពត និងខេត្តកែប។ កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្រៅពីផលអំបិលក្នុងស្រុក បណ្តាខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ក៏តែងនាំចូលអំបិលមកដាក់លក់ផងដែរ ប៉ុន្តែនៅឆ្នាំ ២០២៤ ពុំមានការនាំអំបិលចូលពីបរទេសនោះទេ។ ក្រសួង ក៏បានកំណត់វិធាននៃការបង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប ដើម្បីលើកកម្ពស់ការផលិត ការធ្វើពិពិធកម្មផលិតកម្មអំបិល ការអភិរក្ស និងការអភិវឌ្ឍដីស្រែអំបិល ដើម្បីលើកកម្ពស់គុណភាពការផលិត និងស្តង់ដារសម្រាប់ផលិតកម្ម។


សូមជម្រាបថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល ដោយគូសរំលេចពីអាទិភាពនៃការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលអាទិភាពមួយរបស់រាជរដ្ឋាភិបាល គឺការចលនាដើម្បីលើកកម្ពស់ការផលិតក្នុងស្រុក ដោយផ្តោតលើគុណភាព ផលិតភាព និងភាពប្រកួតប្រជែងលើទីផ្សារ អំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ការកែច្នៃផលិតផលផ្សេងៗ។ ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍អំបិល ឆ្នាំ២០២២ -២០២៦ និងបានជំរុញឲ្យអ្នកផលិតអំបិល ឲ្យស្វែងរកទីផ្សារថ្មីៗ ដែលមិនមែនជាទីផ្សារប្រពៃណី ដូចជា ការប្រើប្រាស់អំបិលធ្វើជាក្ល័រដើម្បីប្រព្រឹត្តកម្មទឹកស្អាតជាដើម។ ក្រសួង កំពុងអនុវត្តកំណែទម្រង់មួយចំនួន រួមទាំងការកែសម្រួលថ្លៃ រយៈពេល និងសុពលភាពនៃសេវាសាធារណៈរបស់ខ្លួន និងកំពុងប្រែក្លាយមន្ទីរពិសោធន៍ជាតិ ទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ក្នុងគោលបំណងផ្តល់សេវាប្រកបដោយវិជ្ជាជីវៈជូនដល់វិស័យឯកជន៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភា៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025