ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ប្រទេសវៀតណាម និងថៃ ដែលស្ថិតក្នុងចំណោមប្រទេសនាំចេញអង្ករកំពូលទាំង ៣ របស់ពិភពលោក កំពុងរំពឹងថា នឹងមានការកើនឡើងនៃការនាំចេញអង្កររបស់ពួកគេ ទៅកាន់ប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
នៅក្នុងប្រទេសវៀតណាម និងថៃ ការផលិតអង្ករប្រភេទ japonica ដែលជាពូជស្រូវប្រវែងខ្លី គឺស្រដៀងគ្នាទៅនឹង អង្ករដែលផលិតនៅប្រទេសជប៉ុន ហើយកំពុងតែមានតម្រូវការខ្ពស់នៅក្នុងប្រទេសជប៉ុន។បណ្តាប្រទេសនានាដែលផលិតអង្ករ កំពុងបង្ហាញបំណង ប្រែក្លាយ បញ្ហាតម្លៃអង្ករកំពុងឡើងថ្លៃក្នុងប្រទេសជប៉ុន ឱ្យទៅជាឱកាសអាជីវកម្ម។
នៅប្រទេសថៃ ថ្វីត្បិតតែពូជអង្ករសំខាន់ៗ ដែលដាំដុះជាអង្ករគ្រាប់វែងក៏ដោយ ក៏ថ្មីៗនេះ ការកើនឡើងនៃចំនួនកសិករ បានចាប់ផ្តើមដាំពូជ japonica ។តម្លៃនៃការនាំចេញអង្ករពីប្រទេសថៃ ទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ១៨៣លានដុល្លារអាមេរិក ដោយបច្ចុប្បន្ន ការនាំចេញភាគច្រើនជាអង្ករប្រភេទវែង ខណៈភាគច្រើននៃផលិតកម្មអង្ករ japonica គឺសម្រាប់ទីផ្សារក្នុងស្រុករបស់ប្រទេសថៃ។
ទន្ទឹមគ្នានេះ សមាគមឧស្សាហកម្មអង្ករវៀតណាម បាននាំចេញអង្ករ ៥០០តោនជាលើកដំបូងនៃម៉ាកយីហោថ្មី អង្ករបៃតងវៀតណាមនៃពូជ japonica ។អង្ករម៉ាកយីហោថ្មី ត្រូវបានដាំដុះដោយយកចិត្តទុកដាក់លើ ការលក់នៅក្នុងប្រទេសជប៉ុន ដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់ចំពោះបរិស្ថាន និងស្តង់ដារគុណភាពមានភាពតឹងរ៉ឹង។
សូមជម្រាបថា តាមការប៉ាន់ប្រមាណដែលប្រកាសដោយ ក្រសួងកសិកម្មសហរដ្ឋអាមេរិក ក្នុងខែឧសភា ឃើញថា បរិមាណនៃការនាំចេញអង្ករពិភពលោកសរុប នៅក្នុងសារពើពន្ធឆ្នាំ ២០២៤ មានចំនួន ៦១លានតោន បើគិតតាមទំហំនាំចេញ ឥណ្ឌា ជាប់ចំណាត់ថ្នាក់កំពូល ដោយមានចំណែកប្រហែល ៤០% តាមពីក្រោយដោយវៀតណាម ១៣% និងថៃ ១១%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ