ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

ក្រុមហ៊ុនស៊ូធីប៊ីនឹងលក់ដេញថ្លៃអាវកាក់រងាមួយដែលអាចលក់បានក្នុងតម្លៃប្រហែល៥៥ម៉ឺនដុល្លារ

២៣ មិថុនា ២០២៥ | កម្សាន្ដ

ក្រុមហ៊ុនសុធីប៊ី (Sotheby's) គ្រោងនឹងលក់ដេញថ្លៃអាវកាក់រងាមួយដែលពាក់ដោយតារាភាពយន្តដ៏ល្បីម្នាក់នៅចុងខែមិថុនាដោយគេរំពឹងថានឹងអាចលក់បានក្នុងតម្លៃប្រហែល៥៥ម៉ឺនដុល្លារ។

 


ក្រុមហ៊ុន Sotheby's គ្រោងនឹងលក់ដេញថ្លៃអាវកាក់រងាមួយដែលពាក់ដោយតារាលោក ម៉ាស៊ូ ប្រូឌេរិក (Matthew Broderick) នៅក្នុងខ្សែភាពយន្ត«ថ្ងៃឈប់សម្រាករបស់លោក ហ្វើរីស ប៊ូលល័រ (Ferris Bueller's Day Off) ផលិតនៅឆ្នាំ១៩៨០ដោយគេរំពឹងថានឹងអាចលក់បានក្នុងតម្លៃចន្លោះពី៣០ម៉ឺនទៅ៦០ម៉ឺនដុល្លារ។

 


លោក រ៉ាល ដឺ លូខា (Ralph De Luca) អនុប្រធានផ្នែកវប្បធម៌ប្រជាប្រិយនៅក្រុមហ៊ុន Sotheby's បានកត់សម្គាល់ថា តារាសម្ដែងលោក Broderick បានដឹងអំពីការលក់នេះ ហើយសង្ឃឹមថា តារាសម្តែងរូបនេះអាចនឹងទៅចូលរួមទស្សនាការលក់ដេញថ្លៃនេះដើម្បីបានឃើញអាវកាក់នេះជាថ្មីផងដែរ។

 


លោក ដារ៉េន រ៉ូវែល (Darren Rovell) អ្នកធ្វើអត្ថាធិប្បាយអំពីកីឡា និងជាអ្នកនិពន្ធមួយរូបដែរនោះគឺជាម្ចាស់អាវកាក់រងានេះ ហើយលោកបានទិញវាក្នុងពេលលក់ដេញថ្លៃកាលពី៣ឆ្នាំមុន។

 

 

ពេលនេះលោកបានលក់ដេញថ្លៃវាជាបន្តជាមួយនឹងសំបុត្រពីអ្នករចនាអាវកាក់នេះដើម្បីបញ្ជាក់អំពីភាពពិតប្រាកដនៃអាវកាក់នេះអមដោយរូបថត និងវត្ថុអនុស្សាវរីយ៍មួយចំនួនដូចជាសំបុត្រកុនជាដើម។

 


លោក ដឺលូខា បាននិយាយថា ការលក់ដេញថ្លៃអាវកាក់រងានេះក៏មានបំណងដើម្បីអបអរសាទរខួបលើកទី៤០ឆ្នាំនៃផលិតកម្មភាពយន្ត«ថ្ងៃឈប់សម្រាករបស់លោក ហ្វើរីស ប៊ូលល័រ» ផងដែរ ហើយលោកសង្ឃឹមថា មនុស្សជាច្រើននឹងចូលរួមនៅក្នុងការដេញថ្លៃតាមអ៊ីនធឺណិតមួយនេះដែលរៀបចំឡើងដោយក្រុមហ៊ុន Sotheby's ប្រចាំបុរីញូវយ៉កសហរដ្ឋអាម៉េរិកនៅថ្ងៃទី២៤ ខែមិថុនា៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025