ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥
គ្រាន់តែទទួលដំណឺងពីការវិវត្តន៍នៃស្ថានភាពជំងឺដំណាក់កាលចុងក្រោយរបស់កុមារា ឆលី ភ្លាម គ្រប់គ្នានាំគ្នាតក់ស្តុតជាខ្លាំង។ តែទន្ទឹមនោះក៏មានអ្នកសិល្បៈល្បីៗនៅបន្តខ្នះខ្នែងជួយជ្រោមជ្រែងដល់ការព្យាបាល តាមរយៈការកៀរគរថវិកាពីសប្បុរជនមកព្យាបាល ឆលី។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក រួមទាំងសិល្បករ-សិល្បការនីល្បីៗក្នុងរង្វង់សិល្បៈមានការតក់ស្លុតចិត្តជាខ្លាំង ក្រោយទទួលដំណឹងចុងក្រោយថា កុមារា ឆលី អាចមានដង្ហើមបន្តជីវិតរស់ជាមួយគ្រួសារត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ នេះបើយោងតាមការបញ្ជាក់ពីសិល្បករគំនូរសហសម័យ ព្រហ្ម ពន្លឺ ដែលជាឪពុកបង្កើតរបស់ ឆលី។
សំណេរខ្លីៗសម្រាយឱ្យដឹងអត្ថន័យដ៏សែនឈឺចាប់ពុំអាចរៀបរាប់បានពីក្រុមគ្រួសារនៅលើហ្វេសប៊ុកផេក ឆលី បានឱ្យដឹងថា «ជាដំណឹងអកុសលមួយបានចេញមកពីមាត់វេជ្ជបណ្ឌិតផ្ទាល់របស់ឆលី ដោយបានប្រាប់ថា ឆលីមិនអាចបន្តការព្យាបាលបានទៀតទេ គ្រាន់តែប្រើថ្នាំដើម្បីរក្សាពេលវេលារស់នៅជាមួយគ្រួសារនិងបងប្អូនជនរួមជាតិខ្មែរបានមួយរយៈពេលប៉ុណ្ណោះ»។
សំណេរដ៏ខ្លីនេះធ្វើឱ្យអ្នកអាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង មិននឹកស្មានថា រឿងអកុសលនេះកើតឡើងលើក្មេងប្រុសតូចម្នាក់នេះឡើយ ខណៈដែលក្រុមគ្រួសារបានស្វះស្វែងរកជំនួយគ្រប់ច្រកល្ហកដើម្បីព្យបាលកូនឱ្យជាសះស្បើយ តែចុងក្រោយបែរត្រូវជួបប្រទះរឿងហេតុបែបនេះទៅវិញ។
មែនទែនទៅ កូនប្រុសវិចិត្រករ ព្រហ្ម ពន្លឺ ទើបជាសះស្បើយពីការចាក់គីមី កាលពីអំឡុងខែកុម្ភៈកន្លងទៅ តែអកុលក្រោយមកគ្រូពេទ្យបានរកឃើញវិញថា ឆលី នៅមានដុំសាច់មហារីកដុះឡើងវិញ ដែលជាហេតុជំរុញឱ្យក្រុមគ្រួសារត្រូវយកចិត្តទុកដាក់តាមដានលើការព្យាបាលបន្តទៀត។
ក្នុងស្ថានភាពដ៏តានតឹងនៃការបញ្ជូនកូនចេញទៅព្យាបាលនៅក្រៅប្រទេស សិល្បករ ព្រហ្ម ពន្លឺ បានលើកឡើងថា នៅពេលដែល ឆលី ធ្វើទុកខ្លាំងជាថ្មីម្ដងទៀតនេះ លោកបានព្យាយាមអស់ពីលទ្ធភាពក្នុងការបញ្ចូនកូនប្រុសទៅមន្ទីរពេទ្យថៃ ដើម្បីពិនិត្យ និងព្យាបាលបន្តទៀត។
ទុកថា ជាភ័ព្វបុណ្យព្រេងសំណាងរបស់ ឆលី នៅពេលស្ថានភាពពិបាកបំផុត កុមារាដ៏កម្សត់រូបនេះទទួលបានការយកចិត្តទុកដាក់ពីសំណាក់មហាជនដែលបានជួយជាថវិកាខ្លះក្នុងការព្យាបាល ក៏ប៉ុន្តែខ្ទង់ចំណាយព្យាបាលបន្តទៀតនេះមានចំនួនច្រើនលើសលប់ដល់ទៅជាង ១០ ម៉ឺនដុល្លារឯណេះ ម៉្យាង ឆលី ផ្ទាល់ក៏ត្រូវវះកាត់ខួរក្បាលឡើងវិញផងនោះ ទើបលោកនិងក្រុមគ្រួសារហាក់គ្មានសង្ឃឹមសោះឡើយចំពោះការព្យាបាលដំណាក់កាលចុងក្រោយនេះតែម្ដង។
យ៉ាងណាមិញ ក្រោយទទួលដឹងពីការវិវត្តន៍នៃស្ថានភាពជំងឺដំណាក់កាលចុងក្រោយរបស់ ឆលី គេឃើញអ្នកសិល្បៈល្បីៗជាច្រើនរូប នៅតែបន្តខ្នះខ្នែងជួយជ្រោមជ្រែងស្វែងរកថវិកាសម្រាប់ការព្យាបាលក្មេងប្រុសតូចដ៏កម្សត់ ឆលី ខណៈក្រុមគ្រួសារក៏ពុំអស់ចិត្តចំពោះការពិតដែលកំពុងកើតឡើង និងមានបំណងចង់យក ឆលី ព្យាបាលបន្តនៅប្រទេសផ្សេងទៀត ប៉ុន្តែពុំមានលទ្ធភាពគ្រប់គ្រាន់ ដូច្នេះមានតែពឹងផ្អែកលើការកៀរគរថវិកាពីពុកម៉ែបងប្អូន សប្បរសជនទីជិតទីឆ្ងាយ សូមមានក្តីសប្បុរសដ៏ក្មេងប្រុសតូចម្នាក់នេះ ដែលតស៊ូពុះពារការចាក់គីមីរយៈពេល ១ឆ្នាំ ទម្រាំអាចជាសះស្បើយ ដោយរំពឹងអាចរស់រានមានជីវិត និងធំធាត់ឡើងដូចក្មេងដ៏ទៃ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក