ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥
តារាសម្ដែងជួរមុខកូរ៉េ Lee Byung-hun និង Son Ye-jin បានបង្ហាញខ្លួនរួមគ្នាលើកម្រាលព្រំក្រហមមហោស្រពទីក្រុង Venice ដោយភាពយន្តថ្មីរបស់ពួកគេត្រូវបានជ្រើសរើសចាក់បញ្ចាំងនិងប្រកួតប្រជែងពានរង្វាន់ក្នុងកម្មវិធីនេះ។
តារាសម្ដែងកូរ៉េខាងត្បូង Son Ye-jin និង Lee Byung-hun ព្រមជាមួយអ្នកដឹកនាំរឿងជើងចាស់ Park Chan-wook បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រស្រែកហ៊ោកញ្ជ្រៀវ ខណៈពួកគេបានមកដល់លើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុង Venice ប្រទេសអ៊ីតាលី កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តថ្មីរបស់ពួកគេមានចំណងជើងថា "No Other Choice" ។
សាច់រឿងនៃភាពយន្តនេះនិយាយពីដំណើរជីវិតរបស់បុរសស្មៀនជើងចាស់ សម្ដែងដោយតួរឿង "Squid Game" Lee Byung-hun ដែលជីវិតត្រូវដួលរលំបន្ទាប់ពីត្រូវបានបញ្ឈប់ពីការងារដោយមិនរំពឹងទុក។
ជីវិតគ្រួសារដែលធ្លាប់តែមានស្ដុកស្ដម្ភក៏ធ្លាក់ចុះយ៉ាងរហ័ស ធ្វើឱ្យបុរសមេគ្រួសាររូបនេះត្រូវបង្ខំចិត្តចូលធ្វើការងារជាឃាតកស៊ីឈ្នួល។ ភាពយន្តនេះដែរត្រូវបានថតដោយផ្អែកសាច់រឿងតាមប្រលោមលោកបែបឃាតកម្មនិងរន្ធត់ឆ្នាំ ១៩៩៧ របស់លោក Donald E. Westlake ។
គួរបញ្ជាក់ថា ផលិតកររឿងនេះគឺលោក Park Chan-wook ធ្លាប់មានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈភាពយន្តឃាតកម្មរបស់លោកកាលពីឆ្នាំ២០០៣ រឿង “Oldboy”។
ចំណែកតួឯកស្រីរឿងនេះគឺ Son Ye-jin ក៏មានឈ្មោះល្បីល្បាញខ្លាំងដែរតាមរយៈភាពយន្តភាគស្នេហាឆ្លងដែន "Crash Landing on You" ។ "No Other Choice" គឺជាភាពយន្តមួយក្នុងចំណោមភាពយន្តចំនួន ២១ ដែលចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ Golden Lion ដែលនឹងត្រូវប្រកាសនៅថ្ងៃទី ៦ ខែកញ្ញា ដែលជាថ្ងៃចុងក្រោយនៃមហោស្រពភាពយន្ត Venice ៕
ប្រែសម្រួល៖ វ៉ាន់ថន