ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥
តារាចម្រៀងស្រីអាមេរិក Sabrina Carpenter បានបញ្ចេញអាល់ប៊ុមចម្រៀងទី៧ របស់ខ្លួនជាផ្លូវការ ព្រមជាមួយវីដេអូចម្រៀងថ្មីមួយជាមួយតារាសម្ដែង Colman Domingo។
តារាចម្រៀង និងសម្ដែងអាមេរិក Sabrina Carpenter បានបង្ហាញវីដេអូ MV សម្រាប់បទចម្រៀងថ្មីរបស់នាងមានចំណងជើងថា “Tears” កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានការចូលរួមពីសំណាក់តារាសម្ដែងប្រុស Colman Domingo ព្រមទាំងបានបញ្ចេញអាល់ប៊ុមថ្មីមានចំណងជើងថា "Man's Best Friend" ក្នុងពេលតែមួយផងដែរ។
វីដេអូចម្រៀងបានបង្ហាញពីតារាស្រីរូបនេះបានជួបគ្រោះថ្នាក់នៅក្នុងព្រៃ មុនពេលដើរចូលទៅក្នុងផ្ទះដាច់ស្រយាលមួយ និងឃើញតារាប្រុស Domingo ស្លៀកពាក់ជា Drag Queen ហើយតួអង្គទាំងពីរក៏បានរាំជាមួយគ្នា។
នៅចុងបញ្ចប់វីដេអូ Carpenter បានសម្លាប់មិត្តប្រុសរបស់ខ្លួនដោយស្បែកកែងជើង និងនិយាយថា "ជារឿងធម្មតា គ្រប់វីដេអូត្រូវតែមានអ្នកស្លាប់" ។ វីដេអូចម្រៀងនេះគឺជាស្នាដៃដឹកនាំដោយលោក Bardia Zeinali ដែលធ្លាប់បានដឹកនាំ MV សម្រាប់តារាចម្រៀងល្បីៗជាច្រើនដូចជា Troye Sivan និង Conan Gray ជាដើម។
អាល់ប៊ុម " Man's Best Friend" ដែលជាអាល់ប៊ុមខ្នាតពេញទីប្រាំពីរតារាស្រីវ័យ ២៦ ឆ្នាំរូបនេះរួមមានបទចម្រៀងសរុប ១២ បទដែលត្រូវបាននិពន្ធផ្ទាល់ដោយ Carpenter និងអ្នកនិពន្ធដែលជាដៃគូសហការរបស់នាងមួយចំនួនទៀតដូចជា Amy Allen, John Ryan និង Jack Antonoff។
កន្លងមក បទ "Manchild" ដែលជាបទក្នុងអាល់ប៊ុមនេះដែរបានទទួលការពេញនិយមខ្លាំងរហូតជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Hot 100 របស់សហរដ្ឋអាមេរិក។គួរបញ្ជាក់ដែរថា តារាចម្រៀងម្ចាស់ពានរង្វាន់ Grammy ចំនួន២ រូបនេះនឹងសម្តែងនៅកម្មវិធីពានរង្វាន់ MTV VMAs នៅថ្ងៃទី ៧ ខែកញ្ញា ខាងមុខ ៕
ប្រែសម្រួល៖ វ៉ាន់ថន