ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
បណ្ដាសិល្បករ សិល្បការិនីមកពីគ្រប់ស្ថាប័នរាប់ពាន់នាក់ បានចូលរួមជាមួយប្រជាពនរដ្ឋរាប់សែននាក់ផ្សេងទៀតក្នុងកម្មវិធីដំណើរថ្មើរជើង ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជានៅព្រឹកមិញនេះ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជា។
កម្មវិធី ដំណើរថ្មើរជើង «Solidarity March» បង្ហាញពីការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជា ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៥នេះ មានអ្នកចូលរួមប្រមាណ ១៥ម៉ឺននាក់។
បណ្ដាសិល្បករ សិល្បការិនី រាប់ពាន់នាក់ ជាពិសេសសមាគមសិល្បករខ្មែរផ្ទាល់តែម្ដងបានចូលរួមព្រឹត្តិការណ៍នេះដ៏សកម្ម ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកម្លាំងកងទ័ព កំពុងប្រឈមមុខគ្នានៅព្រំដែន។
លោកជំទាវ ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញភាពរីករាយ និងមោទនភាពដែលចូលរួមចំណែកក្នុង«ដំណេីរថ្មេីជេីង Solidarity March» នាព្រឹកម៉ិញនេះជាមួយនឹងបងប្អូនសិល្បករ សិល្បការិនី ព្រមទាំងមហាជនខ្មែរទូទៅក្នុងឆន្ទ:តែមួយ គឺបង្ហាញនូវសាមគ្គីភាពគាំទ្ររាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតលេីជោគវាសនាជាតិ ក៏ដូចជាប្រជាជន និងកងកម្លាំងជួរមុខកម្ពុជា ដែលកំពុងត្រៀមលក្ខណ:គ្រប់ពេលវេលាក្នុងកិច្ចការពារដែនអធិបតេយ្យភាពជាតិ។
ក្នុងនាមប្រធានសមាគមសិល្បករខ្មែរ លោកជំទាវ ក៏បានបង្ហាញនូវមោទនភាព ដេីម្បីទ្រទ្រង់ និងគាំទ្រ កងទ័ពការពារព្រំដែនជាតិ» ដែលជាបេសកកម្មដ៏ប្រពៃថ្លៃថ្លារ ដោយគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជួយទ្រទ្រង់ដល់កងទ័ពជាតិ។
ម្យ៉ាងទៀត ក្រៅពីការចូលរួមក្នុងសកម្មភាពដោយផ្ទាល់យ៉ាងសស្រាក់សស្រាំហើយនោះ ថ្នាក់ដឹកនាំ ក្រុមការងារ សិល្បករ សិល្បការិនី ជាសមាជិកជាច្រេីន ក៏មាននូវសន្ដានចិត្តដ៏ប្រពៃបន្តចូលរួមឧបត្ថម្ភជាថវិកាដល់មូលនិធិ ទៅតាមលទ្ធភាពជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងដែរថា កម្មវិធីនេះ ធ្វើឡើងជាលក្ខណៈមហាគ្រួសារខ្មែរ បង្ហាញនូវមនោសញ្ចេតនា ការជឿជាក់ និងការគាំទ្រលើរាជរដ្ឋាភិបាល គាំទ្រទៅលើកងកម្លាំងប្រដាប់អាវុធ គាំទ្ររាល់វិធានការដោះស្រាយ និងការពារបូរណភាពទឹកដីដោយសន្តិវិធី។
សូមបញ្ជាក់ដែរថា កម្មវិធី «ធ្វើដំណើរថ្មើរជើង» នេះរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជនតាមរយៈការ បង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី និងបង្ហាញពីការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅ ជួរមុខកម្ពុជា៕
អត្ថបទ៖ PNN រូបភាព៖ ហ៊ុន សុជាតា និង Facebook