ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥

រយៈពេលត្រឹម១ថ្ងៃ អាល់ប៊ុមថ្មីរបស់ ILLIT លក់ដាច់ជាង ៣ សែនបន្ទះ

១៧ មិថុនា ២០២៥ | កម្សាន្ដ

 

ក្រុមចម្រៀងនារីខេប៉ុបជំនាន់ថ្មី ILLIT ដែលជាក្រុមសំណព្វចិត្តរបស់ប្រធានក្រុមហ៊ុន HYBE លោក Bang Si-hyuk បានធ្វើការវិលត្រលប់មកឆាកតន្ត្រីវិញជាមួយអាល់ប៊ុមថ្មីដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។

 


ILLIT (អាយលីត) ក្រុមចម្រៀងស្រីសមាជិកប្រាំនាក់របស់ផលិតកម្ម Belift Lab ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE Labels បានចេញផ្សាយអាល់ប៊ុមខ្នាតតូចទី ៣ របស់ពួកគេមានចំណងជើងថា "bomb" កាលពីថ្ងៃច័ន្ទ ជាមួយក្ដីសង្ឃឹមថានឹងអាចជោគជ័យកាន់តែខ្លាំងជាងបទដំបូងរបស់ពួកគេគឺបទ "Magnetic" ។

 


ក្ដីសង្ឃឹមកំពុងក្លាយជាការពិតបណ្ដើរៗហើយ ដោយយោងតាមទិន្នន័យចេញផ្សាយដោយគេហទំព័រតន្ត្រីកូរ៉េ Hanteo (ហានថូ) បានបង្ហាញថាអាល់ប៊ុមថ្មីនេះអាចលក់ដាច់បាន ៣២៦ ០០០ (បីសែនពីរម៉ឺនប្រាំមួយពាន់) ច្បាប់ សម្រាប់ថ្ងៃដំបូងនៃការចេញលក់ កាលពីថ្ងៃទី១៦ ខែមិថុនា។ 

 


តួលេខនេះបានធ្វើឱ្យ “bomb” ក្លាយជាអាល់ប៊ុមលក់ដាច់បំផុតរបស់ ILLIT សម្រាប់ការលក់ថ្ងៃដំបូង បន្ទាប់ពីអាល់ប៊ុមខ្នាតតូចទីពីររបស់ពួកគេ 'I'LL LIKE YOU' អាចលក់បានប្រហែល ២៩៨ ០០០ (ពីរសែនប្រាំបួនម៉ឺនប្រាំបីពាន់) ច្បាប់នៅថ្ងៃដំបូង។ 

 


ទន្ទឹមនឹងនេះដែរ វីដេអូចម្រៀងសម្រាប់បទ “Do the Dance” ដែលជាបទនាំមុខក្នុងអាល់ប៊ុមចុងក្រោយនេះបានទទួលការចូលទស្សនាដល់ ៨ លានដងលើយូធូបក្នុងរយៈពេលមួយថ្ងៃដំបូងដូចគ្នា។ ក្រៅពីបទ “Do The Dance” អាល់ប៊ុមថ្មីនេះរួមមានបទចម្រៀងថ្មីចំនួន ៤ បទទៀតដូចជា “little monster” “jellyous” “oops!” និង “bamsopoong”។

 


សមាជិកក្រុម Moka បាននិយាយថា៖ "ចាប់តាំងពីអាល់ប៊ុមមុនរបស់ពួកយើងបានចេញ មកដល់ពេលនេះគឺរយៈពេលប្រាំបីខែហើយ ពួកយើងពិតជាអរគុណមែនទែនចំពោះអ្នកគាំទ្រគ្រប់គ្នាដែលបានរង់ចាំ។ អាល់ប៊ុមថ្មីនេះគឺពោរពេញទៅដោយបទចម្រៀងដែលពួកយើងមានទំនុកចិត្ត ហើយពួកយើងបានប្រឹងប្រែងជាងមុនកាន់តែខ្លាំង ដើម្បីអាចចែករំលែកវាជាមួយអ្នកគាំទ្របានកាន់តែឆាប់” ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025