ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម បានបង្ហាញថា សមាជិករបស់ខ្លួន បានរាយការណ៍ពីការលក់រថយន្តសរុបចំនួនជិត ៣ម៉ឺនគ្រឿងក្នុងខែឧសភា កើនឡើង ១៣% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម បានរាយការណ៍ពី ការលក់រថយន្តដឹកអ្នកដំណើរសរុបជាង ២ម៉ឺនគ្រឿង, រថយន្តពាណិជ្ជកម្មចំនួន ៩ពាន់គ្រឿង និងរថយន្តមុខងារពិសេសចំនួន ២០០គ្រឿងទៀត ក្នុងខែឧសភា។
ជាមួយគ្នានេះ ការលក់រថយន្តដែលបានដំឡើងក្នុងស្រុក បានធ្លាក់ចុះប្រមាណ ១% ដោយសម្រេចបាន ១ម៉ឺន ៣ពាន់គ្រឿង ខណៈដែល រថយន្តនាំចូល មានការលក់ធ្លាក់ចុះ ២% មកនៅត្រឹម ១ម៉ឺន ៥ពាន់គ្រឿង។សមាគម បានបង្ហាញសុទិដ្ឋិនិយមថា ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយគាំទ្រ ទីផ្សារ នឹងបន្តកត់ត្រានូវ សន្ទុះកំណើនដ៏រឹងមាំ នៅក្នុងឆមាសទី ២ នៃឆ្នាំនេះ ជាពិសេសនៅក្នុងផ្នែករថយន្តដឹកអ្នកដំណើរ និងរថយន្តដែលគិតគូរដល់បរិស្ថាន។
អ្នកជំនាញក្នុងឧស្សាហកម្មបានព្យាករថា ការលក់រថយន្តសរុបក្នុងឆ្នាំ ២០២៥ អាចលើសពី ២៥ម៉ឺនគ្រឿង ដែលតំណាងឱ្យកំណើនប្រហែល ១០% ធៀបនឹងឆ្នាំ ២០២៤។
ការលក់ដែលប្រកបដោយនិរន្តរភាព រួមមានរថយន្តកូនកាត់ និងរថយន្តសន្សំសំចៃប្រេង ត្រូវបានគេរំពឹងថា នឹងសម្រេចបាននូវអត្រាកំណើនការលក់ ៤០% ឬខ្ពស់ជាងនេះ។
ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៥ ការលក់សរុបនៅលើទីផ្សារវៀតណាម បានឈានដល់ ១០ម៉ឺនយូនីត ដែលជាការកើនឡើង ១២% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។គួរជម្រាបថា ទីផ្សាររថយន្តរបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងរក្សាបាននូវគន្លងកំណើនរបស់ខ្លួនពេញមួយឆមាសទី ២ នៃឆ្នាំនេះ ដោយផ្អែកលើស្ថិរភាពសេដ្ឋកិច្ច និងការពេញចិត្តរបស់អតិថិជនចំពោះយានយន្តដែលមានប្រសិទ្ធភាព សន្សំសំចៃ និងសុវត្ថិភាព៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ