ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរជាតិព្រះវិហារ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានរៀបចំពិធីជួបជុំ នៅបរិវេណបារាយណ៍ខាងលិច ជើងភ្នំប្រាសាទព្រះវិហារ ដើម្បីអបអរសាទរខួប ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្នុងពិធីជួបជុំនេះ ឯកឧត្តម ហាប់ ទូច រដ្ឋមន្រ្តីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកថា បុព្វបុរសដូនតាខ្មែរ ដែលបានបង្កើតនូវមរតកវប្បធម៌ដ៏សម្បូរបែប និងប្រាសាទបុរាណខ្មែរជាច្រើន និងប្រកបដោយទេពកោសល្យដ៏មហាសាល មិនត្រឹមតែបានកំណត់នូវអត្តសញ្ញាណជាតិដ៏រឹងមាំនោះទេ ថែមទាំង ក្លាយជាប្រភពធនធានមិនចេះរីងស្ងួត ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញចំណូលពីវិស័យទេសចរណ៍។
ឯកឧត្តម ហាប់ ទូច បានមានប្រសាស៍បន្តថា ប្រជាជាតិ និងប្រជាជនខ្មែរគ្រប់រូប ពិតជាមានមោទនភាពចំពោះបុព្វបុរសដូនតារបស់ខ្លួន ដែលបានបង្កើតនូវមរតកវប្បធម៌ដ៏សំបូរបែប និងប្រាសាទបុរាណខ្មែជាច្រើន ប្រកបដោយទេពកោសល្យដ៏កំពូល មានតម្លៃមហាសាលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។
ឯកឧត្តមបានបន្ថែមថា ប្រាសាទព្រះវិហារជាទីសក្ការៈ គឺជានិមិត្តរូបនៃសាមគ្គីជាតិខ្មែរ ជាមោទនភាពជាតិ និងជាស្នាដៃសិល្បៈស្ថាបត្យកម្មឯក តំណាងនៃទេពកោសល្យ បញ្ញាញាណច្នៃប្រឌិតដ៏កំពូលនៃបុព្វបុរសនិងមហាក្សត្រខ្មែរជាច្រើនជំនាន់ ដែលពិភពលោកទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបំផុសស្មារតីដល់ប្រជាពលរដ្ឋ យុវជនជំនាន់ក្រោយ ត្រូវស្រឡាញ់សម្បត្តិវប្បធម៌ មនសិការស្នេហាជាតិ បន្តថែរក្សា ការពារ និងលើកស្ទួយមរតកវប្បធម៌ជាតិឱ្យស្ថិតស្ថេរគង់វង្ស ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេស។
ក្នុងឱកាសនេះដែរ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារដែលបានអនុវត្តកន្លងមកប្រកបដោយវិជ្ជាជីវៈ និងការសហការប្រាស្រ័យទាក់ទងជាប្រចាំជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការអភិរក្ស អភិវឌ្ឍន៍ទេសចរ និងសហគមន៍ ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។
ឯកឧត្តម បានប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិព្រះវិហារ ក្នុងកិច្ចការការពារបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងសម្បត្តិវប្បធម៌ទាំងឡាយនៅក្នុងខេត្តព្រះវិហារទាំងអស់ ពីការរំលោភបំពាននានាដូចជា បញ្ហាដីធ្លី និងការសាងសង់សំណង់ខុសច្បាប់ជាដើម។ ជាមួយគ្នានេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក៏បានប្តេជ្ញាយកចិត្តទុកបន្ថែមទៀត ក្នុងបេសកកម្មថែរក្សា ការពារ និងអភិរក្សសម្បត្តិវប្បធម៌ នៅក្នុងរមណីយ ក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរជាតិព្រះវិហារ ប្រកបដោយវិជ្ជាជីវៈ ស្របតាមគោលនយោបាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន៕
អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិព្រះវិហារ