ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១ ខែកក្កដានេះ បានប្រកាសពីករណីឆ្លងជំងឺផ្តាសាយបក្សីមួយករណីទៀត កើតលើស្ត្រីអាយុ ៣៦ឆ្នាំ។ អ្នកជំងឺផ្តាសាយបក្សីថ្មីនេះ មានទីលំនៅក្នុងភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ស្ត្រីអ្នកឆ្លងជំងឺផ្តាសាយបក្សីចុងក្រោយនេះ ជាករណីទី១១ សម្រាប់ឆ្នាំ២០២៥ នៅក្នុងប្រទេសកម្ពុជាយើង និងជាករណីទី៤ នៅក្នុងខេត្តសៀមរាប ដែលមានទីលំនៅក្នុងភូមិខុសគ្នា ចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីអ្នកជំងឺផ្តាសាយបក្សី ៣ករណីមុន។
ក្រសួងសុខាភិបាល ប្រកាសថា នៅផ្ទះអ្នកជំងឺ មានមាន់ឈឺ និងងាប់ ហើយដែលអ្នកជំងឺ បានកាន់ និងប៉ះពាល់ផ្ទាល់ រួចយកទៅកប់។ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាន និងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱកាសតាម៊ីហ្លូ ( Tamiflu ) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិ ដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល បានប្រកាសក្រើនរម្លឹកសាជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ ក្នុងអំឡុង ១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជន ដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
ក្រសួងសុខាភិបាល ក៏បានប្រកាសពីរបៀបចម្លងជំងឺផ្តាសាយបក្សី ដែលជាជំងឺផ្តាសាយមួយ ជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺ ឬងាប់។ ជំងឺផ្តាសាយបក្សី លើមនុសុ្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន អាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។
ចំពោះរបៀបបង្ការជំងឺផ្តាសាយបក្សី ត្រូវបានក្រសួងសុខាភិបាល ប្រកាសនូវវិធានការ ៤ចំណុច រួមមាន៖ ទី១-កុំប៉ះពាល់ ឬទទួលទាំនមាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទា ធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម។ ទី២-ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ទី៣-ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។
កុំទទួលទានពងមាន់ ឬពងទារជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិន ឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។ទី៤-ប្រសិនបើមានមាន់ទាឈឺ ឬងាប់ច្រើន នៅផ្ទះ ឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេទ្យ ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។សូមរម្លឹកថា នៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ត្រូវបានក្រសួងសុខាភិបាល ប្រកាសជាបន្តបន្ទាប់ពីការរកឃើញអ្នកកើតជំងឺផ្តាសាយបក្សី ចំនួន ៣នាក់រួចមកហើយ។ ក្នុងនោះ រួមមាន ស្រ្តី វ័យ ៤១ឆ្នាំ រកឃើញកើតជំងឺផ្តាសាយបក្សី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ និងម្តាយកូន ២នាក់ទៀត ជាស្រ្តីវ័យ ៤៦ឆ្នាំ និងក្មេងប្រុសអាយុ ១៦ឆ្នាំ៕
អត្ថបទ និងរូបភាព៖ PNN