ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥
តារាសម្ដែងអាមេរិក John Cena និងតារាល្បីៗជាច្រើនទៀតបានបង្ហាញខ្លួននៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ សម្រាប់ពិធីសម្ពោធភាពយន្តថ្មីដែលនិយាយពីជម្លោះ និងមិត្តភាពរវាងមេដឹកនាំអាមេរិក និងចក្រភពអង់គ្លេស។
តារាសម្តែងដែលត្រូវបានស្គាល់ផងដែរថាជាតារាកីឡាកាសល្បីឈ្មោះ John Cena រួមជាមួយតារាសម្ដែងអង់គ្លេស Idris Elba បានក្លាយជាតួឯកសំខាន់សម្រាប់ភាពយន្តបែបកំប្លែង និងបាញ់ប្រហារថ្មីមានចំណងជើងថា "Heads of State"។
ក្នុងរឿងនេះ John Cena នឹងដើរតួជាតារាល្បីហូលីវូដមួយរូបដែលបានប្រែក្លាយប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈតារាសម្ដែង Idris Elba ដើរតួជានាយករដ្ឋមន្ត្រីអង់គ្លេស ដែលជាអតីតទាហានជើងចាស់ពោរពេញដោយបទពិសោធ៍។
នៅពេលជំនួបដ៏តានតឹង និងខ្វែងគំនិតរវាងមេដឹកនាំទាំងពីរត្រូវបានបន្តដោយការវាយប្រហារដែលធ្វើឱ្យជីវិតរបស់ពួកគេប្រឈមនឹងហានិភ័យ និងគំរាមកំហែងដល់សណ្តាប់ធ្នាប់ពិភពលោក ពួកគេក៏ត្រូវរួមដៃគ្នាវិញដើម្បីឱ្យអ្វីៗបានប្រសើរឡើង។
ភាពយន្តនេះត្រូវបានដឹកនាំដោយផលិតករភាពយន្ត និងតន្ត្រីករជនជាតិរុស្សី Ilya Naishuller ដែលក្នុងកម្មវិធីសម្ពោធបញ្ចាំងកាលពីថ្ងៃទី១ ខែកក្កដា លោកបាននិយាយសរសើរ John Cena និង Elba យ៉ាងខ្លាំងសម្រាប់ការសម្ដែងដូចធម្មជាតិពិតៗ។
តារាសម្ដែង John Cena ក៏បានចែករំលែកដែរថា រឿងនេះមានឈុតឆាក Action បាញ់ប្រហារច្រើនដែលតម្រូវឱ្យពួកគេចូលសម្ដែងពិតៗ ប៉ុន្តែការបញ្ចូលឈុតកំប្លែងៗបានធ្វើឱ្យបរិយាកាសនៃការថតមានភាពធូរស្រាលមួយកម្រិត។
ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនទៀតដូចជា Priyanka Chopra, Paddy Considine, Jack Quaid និង Sarah Niles ភាពយន្ត "Heads of State" នឹងចាប់ផ្តើមចាក់ផ្សាយនៅ Prime Video នៅថ្ងៃទី ២ ខែកក្កដា ៕
ប្រែសម្រួល៖ វ៉ាន់ថន