ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥

Jin ចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកជាមួយការសម្ដែងធំនៅ សេអ៊ូល

០១ កក្កដា ២០២៥ | កម្សាន្ដ

 

សមាជិកក្រុមចម្រៀង BTS, Jin បានចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកទោលជាលើកដំបូងរបស់ខ្លួន តាមរយៈការសម្ដែងដ៏ធំចំនួនពីរថ្ងៃនៅទីក្រុង សេអ៊ូល ប្រទេស កូរ៉េខាងត្បូង។

 


Jin សមាជិកកូនបងរបស់ក្រុម K-pop ដ៏ល្បី BTS បានចាប់ផ្តើមដំណើរប្រគំតន្ត្រីពិភពលោកទោលលើកដំបូងរបស់ខ្លួនមានឈ្មោះថា '#RUNSEOKJIN_EP.TOUR' ជាមួយនឹងការប្រគុំតន្ត្រីនៅពហុកីឡដ្ឋាន Goyang ទីក្រុងសេអ៊ូល កាលពីចុងសប្ដាហ៍កន្លងទៅ។

 


វីដេអូផ្តល់ដោយផលិតកម្ម BIGHIT MUSIC បង្ហាញថា Jin ចាប់ផ្តើមការប្រគំតន្ត្រីជាមួយបទ "Running Wild" ដែលជាបទសំខាន់ពីអាល់ប៊ុមទោលរបស់លោកមានចំណងជើងថា "Happy" ខណៈអ្នកគាំទ្ររាប់ពាន់នាក់បានច្រៀងតាម និងគ្រវី Light stick រចនាឡើងយ៉ាងពិសេសសម្រាប់អ្នកគាំទ្រ BTS ដែលមានពន្លឺភ្លើងស្របនឹងបទភ្លេងរបស់ការប្រគំតន្ត្រី។

 


បន្ទាប់ពីការប្រគំតន្ត្រីរយៈពេលពីរថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូង តារាវ័យ ៣២ ឆ្នាំរូបនេះនឹងធ្វើដំណើរទៅកាន់ទីក្រុង Chiba និង Osaka ក្នុងប្រទេសជប៉ុន ដើម្បីបន្តការសម្ដែងរបស់ខ្លួន មុនពេលចាកចេញទៅកាន់អាមេរិកខាងជើង និងអឺរ៉ុប។ នេះបើយោងតាមការប្រកាសកន្លងមករបស់ HYBE ដែលក្រុមហ៊ុនមេរបស់ BIGHIT MUSIC ។

 


គួរបញ្ជាក់ថា សមាជិកទាំងប្រាំពីររបស់ BTS បានបញ្ចប់ការតព្វកិច្ចយោធាទាំងអស់គ្នាកាលពីខែមិថុនា។ ស្របពេលមានការរំពឹងទុកចំពោះការត្រលប់មកវិញរបស់ក្រុមនេះ ផលិតកម្ម BigHit Music បានប្រកាសនៅថ្ងៃទីអង្គារ ទី១ ខែកក្កដានេះថា ពួកគេនឹងបញ្ចេញអាល់ប៊ុមចម្រៀង Concert របស់ BTS មានចំណងជើងថា "Permission to Dance on Stage — Live" នៅថ្ងៃទី១៨ ខែកក្កដា។ យ៉ាងណាមិញ សម្រាប់ការ Comeback ជាក្រុមផ្លូវការ ត្រូវបានគេរំពឹងថានឹងអាចកើតឡើងក្នុងឆ្នាំ២០២៦ ៕

 


 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025