ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥

Kendrick Lamar ឈ្នះពានច្រើនជាងគេពីកម្មវិធី BET Awards ឆ្នាំនេះ

១២ មិថុនា ២០២៥ | កម្សាន្ដ

 

តារាចម្រៀងរ៉េបអាមេរិក Kendrick Lamar បានក្លាយជាម្ចាស់ជយលាភីពានរង្វាន់ច្រើនជាងគេក្នុងកម្មវិធី BET Awards ឆ្នាំ២០២៥ ដែលរៀបចំឡើងនៅទីក្រុង Los Angeles រដ្ឋកាលីហ្វញ៉ា កាលពីពេលថ្មីៗ។

 


កម្មវិធី BET Awards ដែលជាពិធីប្រគល់ពានរង្វាន់កិត្តិយសដល់តារាសម្តែង តារាចម្រៀង និងតារាកីឡាស្បែកខ្មៅ បានរៀបចំឡើងកាលពីថ្ងៃទី១០ ខែមិថុនា ដោយឆ្នាំនេះតារាចម្រៀងរ៉េប Kendrick Lamar បានឈ្នះពានរង្វាន់ច្រើនជាងគេ។

 


ក្នុងនោះតារាចម្រៀងម្ចាស់បទ "30 For 30" បានឈ្នះពានរង្វាន់សិល្បករហ៊ីបហបផ្នែកបុរស ពានរង្វាន់អាល់ប៊ុមល្អបំផុតប្រចាំឆ្នាំ ក៏ដូចជាពានរង្វាន់វីដេអូប្រចាំឆ្នាំសម្រាប់ "Not Like Us" ។

 


មិនតែប៉ុណ្ណោះ Lamar រួមជាមួយផលិតករភាពយន្ត Dave Free ក៏បានឈ្នះពានរង្វាន់អ្នកដឹកនាំវីដេអូប្រចាំឆ្នាំផងដែរនៅក្នុងព្រឹត្តិការណ៍នេះ ដែលប្រារព្ធឡើងនៅរោងមហោស្រព Peacock ក្នុងទីក្រុង Los Angeles និងចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ខ្សែកាប BET។

 


កម្មវិធីដែលមានតារាកំប្លែង Kevin Hart ជាពិធីករនេះ បានឆ្លុះបញ្ចាំងការវិវត្តន៍នៃតន្ត្រីរបស់សិល្បករស្បែកខ្មៅដោយចាប់ផ្តើមជាមួយនឹងការសម្តែងដោយតារាចម្រៀង R&B Ashanti។

 


អ្នកឈ្នះពានរង្វាន់កិត្តិយស Ultimate Icon Award នាពេលរាត្រីនោះ រួមមានតារាចម្រៀង Kirk Franklin, តារាចម្រៀង Mariah Carey, តារាចម្រៀង Jamie Foxx និងតារាចម្រៀង Snoop Dogg។

 

 

ពានរង្វាន់ពិសេសត្រូវបានផ្តល់ជូនដល់សិល្បករដែលបានបង្ហាញការគោរពដល់តន្ត្រី ការកម្សាន្ត ការតស៊ូមតិ និងផលប៉ះពាល់សហគមន៍។
ពានរង្វាន់ដ៏មានកិត្តិយសមួយទៀតគឺពានរង្វាន់សិល្បករហ៊ីបហបផ្នែកនារីបានទៅលើតារារ៉េប Doechii ដែលជាម្ចាស់បទចម្រៀងល្បី “Anxiety” ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025