ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
តារាចម្រៀងអាមេរិក Miley Cyrus ព្រមទាំងក្រុមចម្រៀងកូរ៉េ The Rose និងតារាអន្តរជាតិល្បីៗជាច្រើនរូបទៀតបានចូលរួមក្នុងកម្មវិធីបើកមហោស្រពភាពយន្តអន្តរជាតិ Tribeca។
ចាប់ផ្ដើមបើកកាលពីចុងសប្ដាហ៍ ព្រឹត្តិការណ៍មហោស្រព Tribeca កំពុងត្រូវបានប្រារព្ធឡើងនៅទីក្រុងញូវយ៉ក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងតន្ត្រី និងភាពយន្ត ដោយមានការសម្ពោធបញ្ចាំងភាពយន្តបែបតន្ត្រីចំនួនពីររឿង។
ក្នុងនោះតារាចម្រៀង Miley Cyrus បានបង្ហាញភាពយន្តសម្រាប់អាល់ប៊ុមចម្រៀងថ្មីរបស់នាងមានចំណងជើងថា "Something Beautiful" ដោយបញ្ជាក់ថា ភាពយន្តនេះមានគោលបំណងប្រើប្រាស់សិល្បៈជាឱសថព្យាបាលវប្បធម៌ឈឺចាប់ដែលនាងគិតថាមនុស្សគ្រប់គ្នាធ្លាប់ជួបប្រទះ។
ភាពយន្តតន្ត្រីមួយទៀតគឺពីក្រុមចម្រៀងរ៉ុកកូរ៉េ The Rose ដែលបានចូលរួមចាក់បញ្ចាំងភាពយន្តឯកសាររបស់ខ្លួនមានចំណងជើងថា "The Rose: Come Back to Me"។ សមាជិកក្រុម Kim Woo-Sung បាននិយាយថានេះជាភាពយន្តឯកសារទីមួយហើយសម្រាប់ពួកគេ ហើយវាក៏ជាលើកទីមួយរបស់ពួកគេដែលបាននាំយកស្នាដៃមកចាក់បញ្ចាំង មកសម្ពោធចាក់បញ្ចាំងនៅមហោស្រពអន្តរជាតិ ដូច្នេះពួកគេពិតជារំភើបខ្លាំងណាស់។
ទន្ទឹមនោះ គូស្វាមីភរិយាតារាសម្តែង Kevin Bacon និង Kyra Sedgwick បានចូលរួមបង្ហាញខ្សែភាពយន្តថ្មីមានចំណងជើងថា "The Best You Can" ដែលជាការសហការគ្នាជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលជិត ២០ ឆ្នាំចុងក្រោយ។
ចាប់ផ្ដើមបើកដំណើរការចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កម្មវិធីមហោស្រពភាពយន្ត Tribeca ឆ្នាំ២០២៥នេះនឹងបន្តរហូតដល់ថ្ងៃអាទិត្យសប្ដាហ៍នេះ គឺថ្ងៃទី១៥ ខែមិថុនា។ ជារៀងរាល់ឆ្នាំកម្មវិធីនេះតែងចាក់បញ្ចាំងភាពយន្តជាង ៦០០ រឿងជុំវិញពិភពលោក និងមានការប្រគល់ពានរង្វាន់ចំនួន ២៣ ពានផងដែរសម្រាប់សិល្បករធ្វើការឯករាជ្យក្នុងវិស័យភាពយន្ត ៕
ប្រែសម្រួល៖ វ៉ាន់ថន