ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
កំពូលតារាចម្រៀងរ៉េបកូរ៉េ G-Dragon ត្រូវបានគេរាយការណ៍ថាបានទទួលបានប្រាក់ Bonus ច្រើនជាង ១៤ លានដុល្លារពីក្រុមហ៊ុន Galaxy Corporation នៅពេលលោកចុះកុងត្រាចូលក្រុមហ៊ុននេះ។
ក្រោយពីមិនបានបន្តកុងត្រាជាមួយ YG Entertainment និងបានចូលរួមជាមួយទីភ្នាក់ងារថ្មី Galaxy Corporation ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣ មក ថ្មីៗនេះក៏មានសេចក្តីរាយការណ៍ថា G-Dragon ទទួលបានប្រាក់បំណាច់កិច្ចសន្យាចំនួន ២០ ពាន់លានវ៉ុន ឬប្រហែល ១៤,៥ លានដុល្លារពីក្រុមហ៊ុន Galaxy នៅពេលដែលលោកបានចុះកុងត្រាជាមួយក្រុមហ៊ុននេះ។ ក្នុងចំណោមនោះ ប្រាក់ ១០ ពាន់លានវ៉ុនត្រូវបានផ្តល់ឱ្យក្នុងទម្រង់ជាជម្រើសភាគហ៊ុន។
ប្រភពពីស្ថាប័នហិរញ្ញវត្ថុមួយបានបង្ហាញថា G-Dragon បានជ្រើសរើសទទួលប្រាក់បំណាច់មួយផ្នែកក្នុងទម្រង់ជា Stock Option ឬសិទ្ធិទិញភាគហ៊ុនពី Galaxy Corporation ដោយមានការជឿជាក់ថាក្រុមហ៊ុននឹងរីកចម្រើនទៅជាអាជីវកម្មដែលមានតម្លៃខ្ទង់ពាន់លានដុល្លារនាពេលអនាគត។ ថ្មីៗនេះ ក្រុមហ៊ុន Galaxy កំពុងរៀបចំដាក់លក់ភាគហ៊ុនជាសាធារណៈលើកដំបូងនៅលើផ្សារហ៊ុនកូរ៉េខាងត្បូង ហើយបន្ទាប់ពីការលក់ភាគហ៊ុន ក្រុមហ៊ុននេះត្រូវបានគេរំពឹងថានឹងមានតម្លៃ ៧២០ លានដុល្លារ ។
ត្រលប់ទៅនៅពេលដែល G-Dragon បានចុះហត្ថលេខាជាមួយ ក្រុមហ៊ុន Galaxy មានតម្លៃ ៣៣៨ លានដុល្លារ ដោយក្នុងនោះភាគហ៊ុនរបស់ G-Dragon ត្រូវបានវាយតម្លៃថាមានប្រមាណ ២% ខណៈម្ចាស់ភាគហ៊ុនធំជាងគេគឺនាយកប្រតិបត្តិ Choi Yong Ho ដែលកាន់ភាគហ៊ុនជិត ២២%។
បង្កើតឡើងក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Galaxy Corporation ផ្តោតលើការរួមបញ្ចូលបច្ចេកវិទ្យា AI និង Metaverse ទៅក្នុងឧស្សាហកម្មកម្សាន្ត ស្របពេលដែល G-Dragon គឺតែងតែចាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីៗ។
ក្នុងពេលកន្លងទៅលោកត្រូវបានតែងតាំងជាសាស្រ្តាចារ្យកិត្តិយសនៅវិទ្យាស្ថានវិទ្យាសាស្ត្រក្នុងនាយកដ្ឋានវិស្វកម្មមេកានិក និងធ្លាប់បានធ្វើការជាមួយ Microsoft ដើម្បីបង្កើតវីដេអូចម្រៀងដោយប្រើ OpenAI ផងដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន