ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥
តារាចម្រៀងរ៉េបអាមេរិក Cardi B បានឈ្នះពានរង្វាន់ Voice of the Culture ពីសមាគមអ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយអាមេរិក ហៅកាត់ ASCAP សម្រាប់ឥទ្ធិពលរបស់នាងទៅលើវប្បធម៌តន្ត្រីប៉ុប។
តារាចម្រៀងរ៉េបស្រីដ៏ល្បីល្បាញ Cardi B ត្រូវបានផ្តល់កិត្តិយសជាមួយពានរង្វាន់ Voice of the Culture ពីសមាគមអ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយរបស់អាមេរិក ហៅកាត់ ASCAP ក្នុងកម្មវិធីដែលរៀបចំឡើងកាលពីថ្ងៃទី៨ ខែមិថុនា។
យោងតាមសេចក្តីប្រកាសព័ត៌មានសមាគម ពានរង្វាន់ដ៏មានកិត្តិយសមួយនេះត្រូវបានប្រគល់ដល់សិល្បករសម្រាប់ "ឥទ្ធិពលដ៏សំខាន់របស់ពួកគេលើតន្ត្រី និងវប្បធម៌ ព្រមទាំងសម្រាប់ភាពជោគជ័យរបស់ពួកគេក្នុងនាមជាអ្នកបង្កើតស្នាដៃ និងការផ្លាស់ប្តូរ" ។
ឡើងទទួលពានរង្វាន់នេះ Cardi B បាននិយាយថា សំឡេងរបស់នាងតែងតែឆ្លុះបញ្ចាំងពីជីវិតដែលនាងកំពុងរស់នៅ ដែលនាងមានអារម្មណ៍ថា គឺជាការតំណាងពិតប្រាកដសម្រាប់មនុស្ស វប្បធម៌ មិត្តភ័ក្តិ ក៏ដូចជាគ្រួសាររបស់នាង។ Cardi B បន្ថែមថា តន្ត្រីរបស់នាងគឺជាការសហការគ្នារវាងនាងនិងក្រុមការងារ ដែលបានចែករំលែកបទពិសោធន៍ ថាមពល ការឈឺចាប់ និងភាពរីករាយរួមគ្នា។
ក្រៅពីពានរង្វាន់ខាងលើ តារាចម្រៀងដែលធ្លាប់ឈ្នះពានរង្វាន់ Grammy ជាច្រើន រូបនេះក៏បានឈ្នះពានរង្វាន់ Rhythm and Soul ដែរនៅរាត្រីនោះ សម្រាប់បទចម្រៀងរបស់នាងមានចំណងជើងថា "Enough (Miami)"។ តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះបានបង្កើតប្រវត្តិសាស្ត្រក្នុងឆ្នាំ ២០២០ សម្រាប់ការក្លាយជាស្ត្រីដំបូងគេដែលឈ្នះបានពានរង្វាន់ Rhythm and Soul Songwriter of the year ពីសមាគម ASCAP ពីរឆ្នាំជាប់ៗគ្នា។
ជយលាភីផ្សេងទៀតក្នុងកម្មវិធីឆ្នាំនេះរួមមាន DJ និងផលិតករ Mustard ដែលបានឈ្នះពានរង្វាន់ R&B/Hip-Hop និង Rap Song of the Year សម្រាប់ការនិពន្ធបទ "Not like us" ឱ្យKendrick Lamar ខណៈតារារ៉េបនិងផលិតករ Jermaine Dupri បានឈ្នះពានរង្វាន់ Pop Music សម្រាប់ការនិពន្ធបទ "Made For Me" ឱ្យ Muni Long ៕
ប្រែសម្រួល៖ វ៉ាន់ថន